ភ្នំពេញៈ នារីកម្មការិនីរោងចក្រម្នាក់ កំពុងជិះម៉ូតូ ត្រូវរថយន្តស្ទូចមួយគ្រឿងបើកលឿនដូចហោះជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យកិនខ្ទេចជើងម្ខាង ត្រូវបានគេហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦នឹង៤០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខ (ហ្គ្រេនភ្នំពេញ) ផ្លូវបេតុង ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
នារីរងគ្រោះមានឈ្មោះ ប៊ន នីសា អាយុ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងរាំថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខជិះម៉ូតូ មួយគ្រឿង ម៉ាក ធូដេ ពណ៌លឿង អត់មានស្លាកលេខ។ ចំណែកឯរថយន្តបង្កជារថយន្តស្ទូច ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5678 អ្នកបើកបរមិនបានគេស្គាល់ឈ្មោះនោះទេ ក្រោយពីកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុ រថយន្តបង្ក បានបើកបរតាមផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ចំណែកឯម៉ូតូជនរងគ្រោះជិះម្នាក់ឯងតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ខណៈពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ត្រូវបានរថយន្តបង្កបើកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ហើយកិនបាក់ជើងឆ្វេងម្ខាង។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានគេហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត ចំណែកឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅនគរបាលចរាចរជំនាញក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ហើយនឹងម៉ូតូជនរងគ្រោះ ទៅរក្សារទុកនៅការិយាល័នគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/Yzw25Lm4Q10
មតិយោបល់