ព័ត៌មានបច្ចេកវិទ្យា

និសិ្សតវិស្វករ Software មួយក្រុម គ្រោងបង្កើត App ជួយអ្នកស្រវឹងកុំឱ្យបើកបរ

និស្សិតមួយក្រុមកំពុងសិក្សាមុខជំនាញវិស្វករ Software (កម្មវិធី) ជាមួយប្រព័ន្ធផ្សព្វផ្សាយចម្រុះ នៅឯសកលវិទ្យាល័យបច្ចេកវិទ្យា ច្នៃប្រឌិត Limkokwing នៅភ្នំពេញ ហៅកាត់ថា LUCT គ្រោងនឹងបង្កើតកម្មវិធីស្មាតហ្វូនមួយមានឈ្មោះថា
Instant Driver សម្រាប់ជួយដល់អ្នកពិសារគ្រឿងស្រវឹងមិនចាំបាច់បើកបរដោយខ្លួនរបស់ពួកគេ។

ថ្លែងក្នុងវេទិកា DigiCam ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ មេត្តាហោស៍ ព្រឹកថ្ងៃសៅរ៍ កន្លងទៅនេះ សមាជិកក្រុមមួយរូបឈ្មោះ សួន បញ្ញា បានឱ្យដឹងថា៖ «Instant Driver គឺជាកម្មវិធីចល័ត (App) ដែលនឹងអាច ជួយដល់អ្នកប្រើប្រាស់ជៀសវាងការបើកបរយានជំនិះដោយខ្លួនឯង នៅពេលពួកគេកំពុងឋិតក្នុងស្ថានភាពស្រវឹង»។ បញ្ញា បានឱ្យដឹងបន្ថែមថា តាមរយ:កម្មវិធីនេះ អ្នកប្រើប្រាស់ម្នាក់ៗ នៅពេលដែលខ្លួនស្រវឹង អាចចុចហៅឡានតាក់ស៊ី មិត្តភក្តិ
ក្រុមគ្រួសារ ឬអ្នកជូនដំណើរណាម្នាក់ ដែលខ្លួនបានកំណត់ទុកជាមុនក្នុងកម្មវិធី ឱ្យមកទទួល និងជូនទៅកាន់ផ្ទះសំណាក់ សណ្ឋាគារ ឬគេហដ្ឋានបានដោយសុវត្ថិភាពបានយ៉ាងងាយស្រួល។

ការផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះ គឺមានការចូលរួមពីសមាជិកក្នុងក្រុមសរុប ៩ នាក់ ហើយក្នុងនោះរួមមាន៖ សួន បញ្ញា,
មន្នី គជនិន្ន, បេ នីដេនីស, ដួង ចន្ទ័ពិទូរ្យ, សិន វិសាល, កាំង ប៉រហេង, ញ៉េប ម៉ីឬទ្ធិរាជ, ឯក សាងណារ៉ា និង កិត្យា សុធ្ធិកុល្យ ។ អ្នកទាំងអស់ គឺសុទ្ធតែជានិស្សិតឆ្នាំទី ៤ នៃសកលវិទ្យាល័យ Limkokwing ភ្នំពេញ។

ខណ:បច្ចុប្បន្ន ការប្រើប្រាស់ស្មាតហ្វូននៅមានកម្រិតសម្រាប់ប្រជាជននៅតាមជនបទ ដែលជាទីកន្លែងកើតហេតុការគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរក្រោមស្ថានភាពស្រវឹងជាញឹកញាប់ជាងគេនោះ បញ្ហា បានបង្ហាញការរំពឹងទុកថា៖ «ក្រោយពី Instant Driver ដាក់ឱ្យដំណើរការបានពីពីរទៅបីឆ្នាំ វានឹងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ដូចកម្មវិធី Uber អីចឹងដែរ»។
ទោះយ៉ាងណា កម្មវិធី Instant Driver ឋិតនៅត្រឹមជាគោលគំនិតប៉ុណ្ណោះ ពោលគឺ ក្រុមរបស់បញ្ញា នៅមិនទាន់បានអនុវត្តដំណើរការរបស់វានៅឡើយទេ។ ប៉ុន្តែ ក្រោយពីពួកគេបញ្ចប់ការសិក្សានៅចុងខែកុម្ភ: ខាងមុខ ហើយមានពេលវេលា
គ្រប់គ្រាន់ ពួកគេនឹងគិតគូរបង្កើតវាឱ្យចេញជារូបរាងពិតប្រាកដ៕

មតិយោបល់