ព័ត៌មានជាតិ

ប្រទះឃើញសាកសពអណ្តែតទឹក នៅមុខវត្តព្រែកសំរោង

កណ្ដាលៈ សាកសពបុរសម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅតាមដងមាត់ទន្លេបាសាក់ មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា សពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ កម្ពស់ ១.៦៦ម៉ែត្រ សក់ខ្លី នៅលើថ្ងាសមានស្នាមដេរចាស់ចំនួន៦ថ្នេរ ពាក់អាវយឺតកមូលពណ៌ខ្មៅ ដៃខ្លី មានបិទឡូហ្គោ​ជាអក្សរអង់គ្លេងនៅផ្នែកខាងមុខ ស្លៀកខោខូវប៊ូលជើងវែង ពណ៌ខៀវ លីអូក្នុងពណ៌ខ្មៅ ដៃស្តាំមានចងអំបោះ ពណ៌ក្រហម១ខ្សែ។

ក្រោយទទួលដំណឹងថា មានប្រជាពលរដ្ឋបានប្រទះឃើញអណ្តែតទឹកនៅតាមទន្លេបាកសាក់ជាប់មាត់ជ្រាំងទន្លេមុខវត្តព្រែកសំរោង សពមានសភាពហើមស្អុយ ទើបលោកនាយប៉ុស្តិ៍តាខ្មៅបានរាយការណ៍មកផ្នែកជំនាញក្រុងឲ្យចុះទៅពិនិត្យមើលលើសាកសព នៅកន្លែងកើតហេតុ។

តាមការពិនិត្យរបស់គ្រូពេទ្យជំនាញ និងនគរបាលជំនាញក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរភូមិ/សង្កាត់បានបញ្ជាក់ថា សពពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យ​កត់សំគាល់ឡើយ បុរសរូបនេះ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន មិនពាក់ព័ន្ធនឹងអំពើឃាតកម្មទេ។

ចុងក្រោយ តាមការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមតុលាការខេត្ត នៅវេលាម៉ោង២និង៣០នាទី តាមរយៈទូរសព្ទ បានសម្រេចយកពសទៅបូជាតាមប្រពៃណី៕

មតិយោបល់