ព័ត៌មានបច្ចេកវិទ្យា

Rolls-Royce ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ប្រណិត រំជួលចិត្ត!

រថយន្ត Rolls-Royce ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ឈ្មោះថា Ghost Black Badge ត្រូវបានបើកបង្ហាញក្នុងពិព័រណ៍ឯកជនមួយនាទីក្រុង Montreal កាលពីពេលថ្មីៗនេះ ហើយវាក៏ជាម៉ូដែលថ្មីមួយ ដែលត្រូវបានរចនាឡើងដោយស្តែងឱ្យឃើញពីសោភណ្ឌភាពដែលកាន់តែប្រណិត និងកាន់តែទាក់ទាញ ខុសប្លែកពីបណ្តាផលិតផលរបស់ក្រុមហ៊ុនពីមុនៗ។ Rolls-Royce Ghost Black Badge ឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរនៃផលិតផលរថយន្តស៊េរីប្រណិតៗម៉ាក Rolls-Royce ជាពិសេសទៅលើពណ៌ និងឡូហ្គោ ដែលតាំងពីមុនតរៀងមក ម៉ាកសញ្ញារថយន្តមួយនេះ មានការផ្លាស់ប្តូរតែបន្តិចបន្តួចប៉ុណ្ណោះ។

កង់ទាំងបួន ត្រូវបានផលិតឡើងយ៉ាងសម្រឹតសម្រាំងចេញពីសារធាតុសរសៃកាបូន និងអាលុយមីញ៉ូមផ្សំបញ្ចូលគ្នា ដែលបើតាមការអះអាងរបស់ក្រុមហ៊ុន វាត្រូវចំណាយពេលរចនា ៤ ឆ្នាំ ហើយតួរថយន្តពណ៌ខ្មៅទៀតសោត ក៏ត្រូវឆ្លងកាត់ការបាញ់ថ្នាំជាច្រើនជាន់ និងច្រើនដំណាក់កាលផងដែរ ទើបរំលេចភាពភ្លឺរលោង និងចាំងឆ្លុះជ្រៅបែបនេះ។

នៅផ្ទៃរថយន្តផ្នែកខាងក្នុង ក៏ត្រូវបានរចនាជាមួយពណ៌ខ្មៅផងដែរ ដោយបរិក្ខារស្ទើរតែគ្រប់ផ្នែក រាប់បញ្ចូលទាំងតាប្ល៊ូ កៅអី ដៃចង្កូត ទ្វារ ជាដើមនោះ ត្រូវបានស្រោប និងបំពាក់ដោយសារធាតុសរសៃកាបូន អាលុយមីញ៉ូម និងស្បែកសត្វលាបដោយថ្នាំពណ៌យ៉ាងល្អវិចិត្រ ប៉ុន្តែ មិនមានអេក្រង់ផ្តល់ព័ត៌មានកម្សាន្តប្រភេទប៉ះបញ្ជា ដូចបណ្តារថយន្តស៊េរីថ្មីៗរបស់ក្រុមហ៊ុនដទៃនោះទេ។

Rolls-Royce Ghost Black Badge ដ៏ថ្មីស្រឡាងនេះ បំពាក់ម៉ាស៊ីន Turbo ភ្លោះ V12 ចំណុះ ៦.៦ លីត្រ អាចផ្តល់កម្លាំងថាមពលរហូតដល់ ៦០៣ សេះ គឺខ្លាំងជាងម៉ូដែល Ghost ទូទៅ ៤០ សេះ ហើយអាចបង្កើនសន្ទុះល្បឿនពី ០ ដល់ ១០០ គ/ម ដោយប្រើថេរវេលាត្រឹមតែ ៤.៨ វិនាទីប៉ុណ្ណោះ។
រថយន្ត Rolls-Royce ប្រភេទកៅអីបួនមួយនេះ វាមានទម្ងន់ ២,៤៩០ គីឡូក្រាម និងត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៩៩,៩២៥ ដុល្លារអាមេរិក (មិនទាន់គិតពន្ធនាំចូល)៕

ប្រភពព័ត៌មាន៖ guildautoweb

មតិយោបល់