ព័ត៌មានបច្ចេកវិទ្យា

[VDO] បើមានលុយ ១៩,៣០០ដុល្លារ គួរប្រើទូរស័ព្ទ Vertu Bently ឬទិញរថយន្តទំនើបជិះ?

ភ្នំពេញ: ទូរស័ព្ទដៃវៃឆ្លាត ប៊្រេន Vertu ម៉ូឌែល Bently ដ៏មានតម្លៃកប់ពពក បច្ចុប្បន្នកំពុងមានវត្តមាន លើទីផ្សារបច្ចេកវិទ្យាទំនើប នៃប្រទេសកម្ពុជា ហើយ និងធ្វើឱ្យអតិថិជន ងឿងឆ្ងល់ថា ហេតុអ្វីវាថ្លៃអីដល់ថ្នាក់ហ្នឹង? អីចឹង យើងកុំទាន់អាលសម្រេចចិត្តលើតម្លៃថ្លៃរបស់វា ប៉ុន្តែយើងត្រូវសំឡឹងមើល នូវគុណសម្បត្តិរបស់វាជាមុនសិន។ យោងតាមការឱ្យដឹង ពីហាងលក់ទូរស័ព្ទដៃទំនើបៗនានា ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៤ ឧសភា ២០១៦នេះ។

ប៊្រេន Vertu ម៉ូឌែល Bently គឺវាជាទូរស័ព្ទដៃវៃឆ្លាត របស់ក្រុមហ៊ុនស្មាតហ្វូន លំដាប់អន្តរជាតិខ្នាតយក្ស ប្រចាំប្រទេសអង់គ្លេស ត្រូវបាលផលិតឡើង ដោយសិប្បកម្ម ផ្តោតទៅលើវត្ថុធាតុដើម មានតម្លៃថ្លៃ និងគុណភាពខ្ពស់ ព្រោះទាំងការកែច្នៃ តុបតែងលម្អ ធ្វើដោយដៃជាងចំណានៗ ផ្ទាល់តែម្តង។ ស្មាតហ្វូន Vertu មិនមែនផលិតឡើង សម្រាប់មនុស្សសាមញ្ញធម្មតាឡើយ ម្ល៉ោះហើយទើបគេច្រើនឃើញ មានតែធុរកិច្ចជ និងអភិជនប៉ុណ្ណោះ ទើបមានសមត្ថភាពប្រើ ហើយ Vertu ម៉ូឌែល Bently ដែលយើងបានលើកយកមកបញ្ហាញនេះ គឺមានតម្លៃថ្លៃ ស្មើនឹងរថយន្តទំនើបមួយគ្រឿង ឯណោះ។

វា គឺជាស្មាតហ្វូន Vertu ស៊េរី Signature Touch ព្រោះបានសហការ ជាមួយក្រុមហ៊ុនផលិតរថយន្ត Bently ទើបវាមានស្លាកសញ្ញាឡូហ្គូ (logo) រួមគ្នា ភ្ជាប់មកជាមួយអ៊ីចឹង។ យើងសង្កេតឃើញថា សូម្បីការវិចខ្ចប់របស់វា ក៏មើលទៅស៊ីវិល័យ ជាងគេទៀតផង ដោយចែកចេញជាផ្នែក ទូរស័ព្ទនៅដាច់ឡែកពីគ្នា ជាមួយនឹង ស្រោមស្បែក ពណ៌ខ្មៅលាយក្រហម សៀវភៅណៃនាំ ១ក្បាល វិញ្ញាណបណ្ណបត្រ បញ្ជាក់ពីក្រុម Vertu និងក្រុមហ៊ុន Bently ជាមួយនឹងលេខសម្គាល់របស់ទូរស័ព្ទ និងក្រណាត់ជូតសម្អាត រួមទាំង បរិក្ខាផ្សេងៗ ដ៏សម្បូរបែប។

លើសពីហ្នឹង ភ្ជាប់មកនូវ ដុំសាកថ្ម មានរន្ធឌុយចំនួន២ កាសស្តេរីអូ មានប៊ូតុងបញ្ជារ និង ខ្សែមីក្រូអេសប៊ី។ Vertu ម៉ូឌែល Bently រូបរាងហាក់មិនសូវទាក់ទាញប៉ុន្មានទេ ប៉ុន្តែប្រសិនបើយើង បានយកដៃទៅប៉ះកាន់ ធានាថា យើងនឹងពេញចិត្ត ចំពោះបរិក្ខាបច្ចេកវិទ្យាទំនើបរបស់វា ជាក់ជាមិនខាន។ តួរខ្លួនរបស់វា ក្រាលដោយស្បែកពិសេស ពីរប្រភេទ មួយប្រភេទជាស្បែកសត្វត្រីបាឡែន ពណ៌ខ្មៅ និងមួយប្រភេទទៀត ជាស្បែកពណ៌ក្រហម ដែលគេច្រើនប្រើប្រាស់ សម្រាប់ក្រាលលើស្បែកពូករថយន្ត និងដៃចង្កូតរថយន្ត ស៊េរីទំនើបៗ។

ប៊ូតុងពណ៌ក្រហម ផលិតពីត្បូងទទឹម ឯប៊ូតុងផូវើ និងប៊ូតុងសំឡេង ផលិតឡើងពីលោហ:ធាតុ ដែលមានក្រឡាគ្រើមៗ ចំពោះស៊ុមជុំវិញអេក្រង់ ផលិតឡើងពីសារធាតុ ថាយថានៀម មានគុណភាពស្វិតធន់ ភ្លឺរលោង និងមានតម្លៃថ្លៃ។ នៅចំកណ្តាល នៃហ្វ្លាស មានគន្លឹះបង្វិលមួយ ដែលយើងអាចបង្វិលបើក ប្តូរដាក់ស៊ីមកាត និង ម៉េម៉ូរីកាត យ៉ាងងាយ និង អេក្រង់ទំហំអេក្រង់ ៥,២អ៊ីញ full HD បង្កភាពងាយស្រួលក្នុងការមើល Video និង លេងហ្គេមកម្សាន្ត យ៉ាងសប្បាយរីករាយ។ ស្មាតហ្វូននេះ ដើរដោយប្រព័ន្ធ Android lollipop បច្ចេកវិទ្យា Signature Touch កាម៉េរាទំហំ២១ មេហ្គាភិចស៊ែល Auto fucus អមដោយគ្រាប់ហ្វ្លាសពន្លឺ ជំនួយក្នុងការថត ទីងងឹត និងមានកាម៉េរាខាងមុខ ទំហំ ២.១ មេហ្គាភិចស៊ែល ផងដែរ៕

មតិយោបល់