ព័ត៌មានបច្ចេកវិទ្យា

Duke Super 1290 R ស៊េរី ២០១៧ កែរាងថ្មីចឹង ហើយបំពាក់ចង្កៀងមុខ LED ចឹង! យ៉ាងម៉េចដែរ?

ក្រុមហ៊ុន KTM បានបញ្ចេញម៉ូតូ Duke Super 1290 R ក្នុងឆ្នាំ ២០១៤ ដែលធ្វើឱ្យកក្រើកពិភពម៉ូតូស្ព័រម្តងរួចទៅហើយ តាមរយៈរូបរាងដ៏ស្រស់សង្ហា និងកម្លាំងថាមពលដ៏ខ្លាំងក្លារបស់វា។ ដោយឡែក ក្នុងឆ្នាំ ២០១៧ នេះ Duke បានវិលមកសារជាថ្មីម្តងទៀត ជាមួយរូបរាងកាន់តែអស្ចារ្យ និងកាន់តែទាក់ទាញ ជាពិសេសចង្កៀងមុខ ត្រូវបានរចនាជាមួយអំពូល LED ដ៏ប្រណិត។ តួម៉ាស៊ីន ត្រូវបានរចនាជាមួយរូបរាងថ្មី ហើយសន្ទះអមធុងសាំងសងខាងមានរាងធំជាងមុន និងរាងចុះទាបលយទៅមុខបន្តិច។

Duke Super 1290 R បំពាក់ជាមួយម៉ាស៊ីន LC8 V-Twin កម្លាំង ១,៣០១ cc អាចផ្តល់ថាមពល ១៧៧ សេះ ខ្លាំងជាងម៉ាស៊ីនស៊េរីមុន ៧ សេះ ហើយវាបំពាក់កបំពង់ស៊ីមាំុងថ្មី ជួយសម្រួលដល់ថាមពលរង្វល់ជុំរបស់ម៉ាស៊ីនឱ្យមានដំណើរការទៅកាន់តែរលូន ចំណែកបំពុងស៊ីម៉ាំងខាងក្រោយផលិតពីសារធាតុទីតានីញ៉ូម ស្រោបដោយសន្ទះក្រូមេភ្លឺរលើបរលោង។

ប៊ូមកណ្តាលទៀតសោត មានប្រវែង ៤៨ មីល្លីម៉ែត្រ ចំនែកប៊ូមខាងមុខមួយគូអាចកែសម្រួលភាពរលាស់របស់វាទៅតាមទម្ងន់សង្កត់ ឬស្ថានភាពផ្លូវ។ បន្ថែមពីនេះ វាមានបំពាក់ប្រព័ន្ធទប់លំនឹង MSC ពីក្រុមហ៊ុន Posch និងហ្វ្រាំង ABS បច្ចេកវិទ្យាថ្មី អាចរក្សាលំនឹង និងទប់ល្បឿនម៉ូតូបានយ៉ាងល្អប្រសើរទោះកំពុងរត់ក្នុងល្បឿនលឿនក្តី ហើយនៅក្បាលម៉ូតូ មានអេក្រង់ FTF តូចសម្រាប់គ្រប់គ្រងមុខងារកំណត់ផ្សេងៗរបស់ម៉ូតូផងដែរ។

Duke Super 1290 R ត្រូវបានដាក់លក់លើគេហទំព័រអនឡាញ autos.maxabout ក្នុងតម្លៃប្រមាណ ២២,០២៤ ដុល្លារ៕

ប្រភពព័ត៌មាន៖ cycleworld

មតិយោបល់