ព័ត៌មានបច្ចេកវិទ្យា

T-Mobile ចេញកំណែថ្មីដើម្បីផ្តាច់ជីវិត Galaxy Note 7

អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមហ៊ុន Samsung បានប្រកាសប្រមូលយកមកវិញនូវកំពូលស្មាតហ្វូនត្រកូល Note ជំនាន់ចុងក្រោយរបស់ខ្លួន បន្ទាប់ពីវាមានបញ្ហាថ្មផ្ទុះឆេះជាបន្តបន្ទាប់។ ប៉ុន្តែ រហូតមកទល់ពេលនេះ នៅតែមានអ្នកប្រើប្រាស់មួយចំនួន គឺប្រហែលជិត ១០% នៅមិនព្រមប្រគល់វាទៅឱ្យក្រុមហ៊ុនវិញនៅឡើយ។

យ៉ាងណាក៏ដោយ អ្នកដែលមិនទាន់ដាច់ចិត្តពីទូរស័ព្ទដៃដ៏ទំនើបមួយនេះ ឥឡូវពួកគេ គឺគ្មានជម្រើសទៀតទេ បន្ទាប់ពីក្រុមហ៊ុន T-Mobile ប្រកាសចេញកំណែថ្មីសម្រាប់ Note 7 ដើម្បីផ្តាច់ជីវិតរបស់វាចោល ពោលគឺ លែងឱ្យវាអាចដំណើរការបានតទៅទៀត។
នៅពេលដែលអតិថិជនទទួលបានដំណឹងអំពីការធ្វើកំណែរួចរាល់នៅលើទូរស័ព្ទ Galaxy Note 7 នោះមានសេចក្តីថា ពួកគេនឹងលែងអាចសាកថ្មទូរស័ព្ទមួយនេះបានតទៅទៀតហើយ ហើយមិនមែនមានតែក្រុមហ៊ុន T-Mobile នោះទេដែលដាក់ចេញវិធានការដាច់ណាត់បែបនេះ ប៉ុន្តែ ក្រុមហ៊ុន AT&T និង Sprint ក៏នឹងដាក់ចេញកំណែដូចគ្នានេះ នៅថ្ងៃទី ៥ មករា ខាងមុខផងដែរ។
ទោះយ៉ាងណា នៅមានក្រុមហ៊ុន Verizon មួយទៀត ដែលមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទចេញកំណែបញ្ចប់ជីវិត Note 7 ពីផែនដី៕

ប្រភពព័ត៌មាន៖ cnet

មតិយោបល់