ជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុន Samsung ធ្វើការទៅលើស្មាតហ្វូនបំពាក់កញ្ចក់អេក្រង់អាចបត់ចុះឡើងបាននោះ ហើយវាសមល្មមនឹងដល់ពេលដែលក្រុមហ៊ុនត្រូវបញ្ចេញអាវុធដ៏ពិសេសមិនធ្លាប់មាននេះ ដើម្បីប្រជែងទល់នឹង iPhone X ដ៏កក្រើករំជួយពីក្រុមហ៊ុន Apple ហើយ។
យោងតាមប្រភពពីគេហទំព័រព័ត៌មានបច្ចេកវិទ្យា LetsGoDigital បានឱ្យដឹងថា ឧបករណ៍ចល័តបំពាក់អេក្រង់បត់របស់ Samsung បានទទួលអាជ្ញាបណ្ណពីភ្នាក់ងារស្រាវជ្រាវវិទ្យុជាតិ នៃគណកម្មការទូរគមនាគមន៍កូរ៉េហើយនាពេលថ្មីៗនេះ រួចវាត្រូវគេហៅឈ្មោះថា Galaxy X និងមានលេខកូដម៉ូឌែល SM-G888NO។
ទោះយ៉ាងណា គេពុំទាន់ទទួលបានព័ត៌មានលម្អិតទាក់ទងទៅនឹងស្មាតហ្វូនកូនកាត់ថេប្លេតនេះនៅឡើយទេ (បត់អេក្រង់ចូលក្លាយជាស្មាតហ្វូន បើកអេក្រង់ចេញក្លាយជាថេប្លេត)។ ប៉ុន្តែ បើយោងតាមលិខិតបញ្ជាក់បានបង្ហាញថា វានឹងបើកបង្ហាញនាពេលឆាប់ៗខាងមុខ នៅក្នុងប្រទេសកូរ៉េផ្ទាល់ និងនៅប្រទេសលោកខាងលិចនាដើមឆ្នាំក្រោយម តាមរយៈពិព័រណ៌ CES 2018។
Samsung Galaxy X នេះដែរ ក៏ប្រហែលជានឹងប្រកាសចេញព្រមគ្នាជាមួយ Galaxy S9 ដើម្បីប្រជែងជាមួយ iPhone X របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក។ ហើយតាមរយៈរចនាបទអេក្រង់បត់ដំបូងបង្អស់នោះ វាអាចនឹងក្លាយជាស្មាតហ្វូនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេបំផុតសម្រាប់មនុស្សសម័យថ្មី។
គួរបញ្ជាក់ថា ក្រៅពី Samsung ក៏មានដែរក្រុមហ៊ុន ZTE ដែលត្រូវគេរាយការណ៍ថា កំពុងអភិវឌ្ឍស្មាតហ្វូនបំពាក់កញ្ចក់អេក្រង់អាចបត់ ហើយបើតាមព័ត៌មានចចាមអារ៉ាមកាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតចិនមួយនេះ គ្រោងនឹងប្រកាសចេញស្មានហ្វូននោះ នាខែតុលាខាងមុខនេះ ដោយវាមានឈ្មោះថា Axon Multy៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់