ក្រុមហ៊ុន Jaguar Land Rover បានប្រកាសចេញរថយន្ត Range Rover ម៉ូឌែលថ្មីឈ្មោះ Velar នៅថ្ងៃទី ០១ មិនា ម្សិលមិញនេះ ដើម្បីប្រកួតប្រជែងជាមួយរថយន្តម៉ាក Porsche ប្រាំកៅអី (SUV) របស់ក្រុមហ៊ុនអាល្លឺម៉ង់។
រថយន្ត Range Rover Velar ដ៏ប្រណិត ដែលនឹងបង្ហាញវត្តមាននៅឯពិព័រណ៍រថយន្តក្រុងហ្សឺណែវក្នុងខែនេះ ត្រូវបានរចនាឡើងកាន់តែល្អវិចិត្រ ទំនើបទាន់សម័យ និងបំពាក់សុទ្ធតែបច្ចេកវិទ្យាជាន់ខ្ពស់ ដើម្បីប្រជែងជាមួយរថយន្ត SUV លំដាប់កំពូលៗពីក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់។
លោក Gerry McGovern ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Land Rover បានថ្លែងថា «Range Rover Velar កំណែចុងក្រោយនេះ បានពាំនាំមកជាមួយភាពទំនើបក្នុងកម្រិតមួយថ្មី សម្រាប់ម៉ាករថយន្តរបស់យើង ស្របពេលដែលយើងកំពុងពង្រឹងការប្តេជ្ញាចិត្តនាំយករចនាបថ វិស្វកម្ម និងបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះ»។
សម្រាប់ Jaguar Land Rover ក្នុងឆ្នាំ ២០១៦ គឺជាឆ្នាំដែលក្រុមហ៊ុនទទួលបានតួលេខលក់ និងប្រាក់ចំណេញខ្ពស់ដល់កំណត់ត្រាថ្មីមួយ ដោយសារតែតម្រូវការរថយន្តប្រភេទកៅអីប្រាំ SUV មានការផ្ទុះឡើង។ ម្លោះហើយ វាជាពេលវេលាដ៏ល្អសម្រាប់ក្រុមហ៊ុនក្នុងការបង្កើនវត្តមានរថយន្តប្រភេទគ្រួសារថ្មីៗ ឱ្យកាន់តែច្រើននៅលើទីផ្សារ។
Range Rover Velar គឺជារថយន្តលំដាប់ប្រណិតមួយរបស់ Land Rover ក្នុងចំណោមរថយន្ត ៤ ម៉ូឌែលផ្សេងទៀត ដែលមានចាប់ពីម៉ូឌែល Evoque រហូតដល់ម៉ូឌែលប្រណិតលំដាប់កំពូល SV Autobiography។ រថយន្តម៉ូឌែលទាំងនេះ នឹងចេញលក់ជាមួយរថយន្តប្រភេទ SUV ត្រកូល Discovery និង F-PACE ពីក្រុមហ៊ុនសាខារបស់ Jaguar៕
ប្រភពព័ត៌មានៈ businessinsider
មតិយោបល់