Post News Media ព័ត៌មានបច្ចេកវិទ្យា អិុនធើណែត 3G/...

អិុនធើណែត 3G/4G ស៊ីលុយទូរសព្ទលឿនមែនទេ? សូមសាកដំណោះស្រាយ ៩ ចំណុចនេះ!

បច្ចុប្បន្ន ថ្វីត្បិតតែប្រព័ន្ធ Wi-Fi មានស្ទើរគ្រប់ទីកន្លែងក៏ពិតមែន ប៉ុន្តែ តម្រូវការប្រើប្រាស់អិុនធើណែតលើទូរសព្ទចល័ត គឺមានគ្រប់ពេល គ្រប់ទីកន្លែង ហើយអ្វីដែលអាចបំពេញវាបាន គឺមានតែប្រព័ន្ធអិុនធើណែត 3G/4G ឬ Cellular ប៉ុណ្ណោះ។ ជាទូទៅ ទំហំទិន្នន័យអិុនធើណែត 3G/4G មិនមែនឥតដែនកំណត់នោះទេ បើទោះជាក្រុមហ៊ុនបណ្តាញទូរសព្ទចល័តដូចជា Smart ផ្តល់ជម្រើសប្តូរលុយ ១ ដុល្លារ បាន ៣០ ដុល្លារ ក៏ដោយ ក៏ជួនកាល បើលោកអ្នកប្រើភ្លេចខ្លួនតែបន្តិច នោះលុយដែលនៅសល់ក្នុងគណនីទូរសព្ទ ប្រាកដជាដាច់អស់មួយរំពេចជាមិនខាន។

ដើម្បីបញ្ជៀសបញ្ហានេះ Post Tech សូមលើកយកមកបង្ហាញជូនលោកអ្នកនូវវិធីកាត់បន្ថយការខ្ជះខ្ជាយទំហំទិន្ន​ន័យអិុនធើណែតតាមប្រព័ន្ធ 3G/4G ឱ្យដល់កម្រិតអតិបរមា លើទូរសព្ទ iPhone ឬ iPad ដែលដំណើរការលើប្រព័ន្ធ iOS ជំនាន់ 10.3.1 ដូចតទៅ៖

– បិទដំណើរការចាក់វីដេអូស្វ័យប្រវិត្តនៅលើកម្មវិធីបណ្តាញសង្គម

  • Facebook: សូមចុចលើមឺនុយ More (សញ្ញា…) -> Settings -> Account Settings -> Videos and Photos -> Video Settings -> Auto-play រួចជ្រើសរើសយក ‘On Wi-Fi Connections Only’ ឬ ‘Never Auto-plays Videos’។
  • Twitter: ឋិតនៅក្នុងផ្ទាំង Profile របស់លោកអ្នកក្នុងកម្មវិធីនេះ សូមចុចចូលមឺនុយ Gear (រូបសញ្ញាស្ពឺ) -> Settings -> Data -> Video Autoplay រួចជ្រើសរើស ‘Never play videos automatically’ ឬ ‘Use Wi-Fi Only’។
  • Instagram: ឋិតនៅក្នុងផ្ទាំង Profile របស់លោកអ្នកក្នុងកម្មវិធីនេះ សូមចុចចូលមឺនុយ Gear -> Mobile Data Use រួចចុចយកជម្រើស Use Less Data។

– តាមដានកម្មវិធីណាស៊ីទិន្នន័យអិុនធើណែតច្រើន

ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Cellular រួចចូលទៅកាន់ All Apps។ នៅក្នុងនេះ វានឹងបង្ហាញពីទំហំទិន្នន័យអិុនធើណែតដែលកម្មវិធីនីមួយៗបានស៊ី។ ដូច្នេះ ប្រសិនបើអាច សូមចុចកុង​តាក់បិទលើកម្មវិធីណាដែលស៊ីទំហំអស់ច្រើន។

– បិទមុខងារ Cellular Data ក្នុង iCloud

ប្រសិនបើលោកអ្នកប្រើ iCloud សម្រាប់ការទាញយកឯកសារ និងទិន្នន័យពីកម្មវិធីផ្សេងៗទុក លោកអ្នកគួរតែឆែកមើលថាតើ មុខងារ ‘Use Cellular Data’ ក្នុងកម្មវិធី Settings ផ្នែក iCloud Drive កំពុងបើក ឬក៏បិទ។ បើវាកំពុងបើក សូមចុចកុងតាក់បិទវាចោលទៅ!

– បិទមុខងារទាញយកដោយស្វ័យប្រវត្តិ

សូមចូលទៅកាន់កម្មវិធី Settings -> iTunes and App Store រួចចុចបិទលើមុខងារ Use Cellular Data។ បន្ទាប់ពីចុចបិទរួច កម្មវិធីនានានៅក្នុងទូរសព្ទរបស់លោកអ្នកនឹងមិនធ្វើបច្ចុប្បន្នភាព (Update) ដោយស្វ័យ​ប្រវត្តិដែលនាំឱ្យស៊ីទិន្នន័យអិុនធើណែតអស់ច្រើនទៀតនោះទេ។

– បិទមុខងារ Wi-Fi Assistant

មុខងារនេះ ត្រូវបានបង្កើតឡើងដើម្បីជួយបំពេញការតភ្ជាប់អិុនធើណែតពីប្រព័ន្ធ 3G/4G នៅពេលការតភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi រអាក់រអួល។ ដូច្នេះ វាអាចនឹងទាញយកទំហំទិន្នន័យអិុនធើណែតតាមប្រព័ន្ធ 3G/4G ដោយលោកអ្នកមិនដឹង។ ដើម្បីបិទវា សូមចូលទៅកាន់កម្មវិធី Settings -> Cellular រួចចុចកុងតាក់បិទលើមុខងារ Wi-Fi Assist ជាការស្រេច។

– បិទមុខងារ Background App Refresh

សូមចូលទៅកាន់កម្មវិធី​​ Settings -> General -> Background App Refresh ហើយចុចកុងតាក់បិទលើឈ្មោះកម្មវិធី Facebook, Instagram, Twitter,…។ ធ្វើដូច្នេះ វាក៏ជួយសន្សំសំចៃថាមពលថ្មរបស់ទូរសព្ទផងដែរ។

– កុំប្រើមុខងារ Cellular Data សម្រាប់ Apple Music

ប្រសិនបើលោកអ្នកប្រើកម្មវិធី Apple Music នោះ បទចម្រៀងបញ្ជូនមកឱ្យលោកអ្នកស្តាប់ អាចនឹងប្រើប្រាស់ទិន្នន័យ Cellular ក្នុងទំហំដ៏ធំ។ បើដូច្នេះមែន លោកអ្នកគួរតែចូលទៅបិទវាតាមកម្មវិធី Settings -> Music -> Cellular Data រួចចុចកុងតាក់បិទវា។

– ប្រើកម្មវិធី Chrome និងបើកមុខងារ Reduce Data របស់វា

លោកអ្នកអាចនឹងសន្សំសំចៃទិន្នន័យអិុនធើណែតបានពី ៥ ទៅ ១៣ មេហ្គាបៃយ៍ ក្នុងមួយគេហទំព័រ​ ប្រសិន​បើខ្លួនចូលចិត្តស្រាវជ្រាវព័ត៌មានតាមកម្មវិធី Browser។ ព្រោះ Chrome មានភ្ជាប់មកជាមួយមុខងារកាត់បន្ថយការទាញយកទិន្នន័យពីប្រព័ន្ធអិុនធើណែតតាមម៉ាស៊ីនមេរបស់ Google។ ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់មឺនុយ Settings -> Bandwidth របស់កម្មវិធី រួចបើកមុខងារ Reduce Data Usage ជាការស្រេច។

– បិទប្រព័ន្ធ Cellular នៅពេលឈប់ប្រើ

វាជាវិធីសាមញ្ញបំផុត ប៉ុន្តែ លោកអ្នកប្រហែលជាមើលរំលង ខណ:ដែលវាគឺជាមធ្យោបាយល្អបំផុតក្នុងការសន្សំសំចៃទំហំទិន្នន័យអិុនធើណែត បន្ថែមពីលើថាមពលថ្ម។ ព្រោះនៅពេលដែលវាត្រូវបានបើកចោល កម្មវិធីមួយចំនួនអាចនឹងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់វាដោយស្វ័យប្រវត្តិ ដែលនាំឱ្យខ្ជះខ្ជាយទំហំទិន្នន័យអិុនធើណែតរបស់ទូរសព្ទ។ ដើម្បីបិទវា លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Cellular រួចចុចកុងតាក់បិទជាការស្រេច៕