ព័ត៌មានបច្ចេកវិទ្យា

វីវរហើយ! Hacker មួយក្រុមប្រកាសបំផ្លាញទិន្នន័យក្នុងគណនី iCloud របស់ Apple ជាង ២០០ លាន

ជន​ Hackers (អ្នកជំនាញ IT) មួយក្រុមអះអាងថាពួកគេបានជ្រៀតចូលគណនី iCloud របស់ក្រុមហ៊ុន Apple ជាង ៣០០ លាន និងត្រៀមខ្លួនជាស្រេច ក្នុងការបំផ្លាញទិន្នន័យក្នុងនោះចោលចំនួន ២០០ លានគណនី បើសិនជាក្រុមហ៊ុន Apple មិនព្រមបង់ថ្លៃដោះដូរនោះទេ។

ក្រុមនោះដដែល បានហៅខ្លួនឯងថា Turkish Crime Family នឹងបានទាមទារទឹកប្រាក់ចំនួន ៧៥ ពាន់ដុល្លារ ពីក្រុមហ៊ុន តាមបណ្តាញផ្ទេរប្រាក់ Bitcoin ឬ Ethereum ដែលជាក្រុមហ៊ុនរូបិយប័ណ្ណអនឡាញមួយ ឬប្រគល់ជា iTunes gift cards សរុបចំនួន ១ សែនដុល្លារ ដើម្បីធ្វើជាថ្នូរនិងការលុបបំបាត់ទិន្នន័យដែលកំពុងមានក្នុងដៃចោល។

សមាជិកក្រុមមួយរូបបានប្រាប់ទៅកាន់សារព័ត៌មាន Motherboard  ថា ‘ខ្ញុំគ្រាន់តែចង់បានរង្វាន់ជាទឹកប្រាក់ប៉ុណ្ណោះ ហើយការប្រកាសនេះខ្ញុំដឹងច្បាស់ថា វាអាចជារឿងភ្ញាក់ផ្អើលមួយសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Apple ក្រោយបានលេចឮទៅដល់’។

លើសពីនេះ ក្រុមពួកគេ ក៏បានបង្ហោះវីដេអូមួយនៅលើ YouTube បង្ហាញការប្រើប្រាស់លើគណនីមួយចំនួនដែលពួកគេលួចបាន។ ក្នុងនោះដែរ ពួកគេក៏អាចគ្រប់គ្រងរូបថត និងបញ្ជាលុបទិន្នន័យក្នុងឧបករណ៍ Apple នានាពីចម្ងាយបានផងដែរ។

ភ្លាមនោះ ក្រុមអ្នកការពារប្រព័ន្ធសុវត្ថិភាព Apple បានផ្ញើសារទៅកាន់ពួកគេថា “ជាដំបូងពួកយើងស្នើឲ្យលុបវីដេអូនោះចេញពីគណនី YouTube ដូចដែលវាត្រូវបានហាមឃាត់។ ជាចុងក្រោយ សូមថ្លែងឲ្យដឹងថា ពួកយើងមិនផ្តល់ជារង្វាន់ទៅដល់ជនខិលខូចដែលអនុវត្តខុសពីគោលការណ៍ច្បាប់នោះឡើយ”។

ឥឡូវនេះ Hackers បាននឹងកំពុងធ្វើការគំរាមកំហែងលុបទិន្នន័យក្នុងគណនី iCloud ចោលទាំងអស់ ចេញពីឧបករណ៍ Apple នៅក្នុងថ្ងៃទី ០៧ ខែ​ មេសា​ ខាងមុខនេះ បើសិនជា Apple មិនព្រមបង់ថ្លៃតាមសំណើរគ្រប់ចំនួន។

សារព័ត៌មាន Mashable បានទៅយកការណ៍ពីក្រុមហ៊ុន Apple ប៉ុន្តែពុំទទួលបានការឆ្លើយតបអ្វីឡើយលើបញ្ហាមួយនេះ។

យោងតាមប្រភពដដែល បង្ហាញឲ្យឃើញថា ក្រុមអនាមិកនេះ បានបំប៉ោងរឿងឲ្យកាន់តែធំតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីប៉ុនប៉ងបង្កើនសំពាធទៅឲ្យក្រុមហ៊ុនបច្ចេកវិជ្ជា Apple។

ការវាយប្រហារតាមបណ្តាញអ៊ិនធើណែតទៅលើទិន្នន័យប្រើប្រាស់ផ្ទាល់ខ្លួនវាមិនមែនជារឿងមិនធ្លាប់មានទេ ហើយគេហទំព័រ iCloud ក៏ធ្លាប់ជួបប្រទះការជ្រៀតចូលពីមុនមកដែរ តាមការកត់ត្រាក្នុងឆ្នាំ ២០១៤ គណនីអ្នកល្បីល្បាញមួយចំនួនត្រូវគេលួចបាន ហើយរូចថតរបស់ពួកគេ ត្រូវបានបង្ហោះជាសាធារណ:លើបណ្តាញអ៊ិនធើណែត។ នេះស្តែងឱ្យឃើញថា ប្រព័ន្ធគ្រប់គ្រង់សុវត្ថិភាពរបស់ Apple នៅមានចំណុចខ្សោយ។

គួរបញ្ជាក់ដែរថា ក្រុម Hacker មានពេលខ្លះប្រើប្រាស់ព័ត៌មានបំភ្លៃទៅកាន់ក្រុមអ្នកសារព័ត៌មាន ដើម្បីជម្រិតយកប្រាក់ពីក្រុមហ៊ុនមានឥទ្ធិពលមួយចំនួន៕

 

ប្រភពព័ត៌មាន៖ Mashable.com

 

 

មតិយោបល់