ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Ford ប្រកាសប្រមូលរថយន្ត ២៣០,០០០ គ្រឿង នៅអាមេរិកខាងជើង

ក្រុមហ៊ុន Ford Motor Co. បានប្រកាសប្រមូលរថយន្តចំនួន ២.៣ សែនគ្រឿង ក្នុងតំបន់អាមេរិកខាងជើង ដោយសារបារម្ភអំពីបញ្ហាសុវត្ថិភាព ក្រោយការកើតមានគ្រោះថ្នាក់ឆាបឆេះម៉ាស៊ីនរថយន្តជាច្រើនករណី។

កាលពីម្សិលមិញ ក្រុមហ៊ុន Ford បានថ្លែងថា ក្នុងចំណោមរថយន្តដែលអាចនឹងជួបបញ្ហាទាំងជាង ២ សែនគ្រឿង នោះ រួមមាន រថយន្ត Escape ស៊េរីឆ្នាំ 2014, Fiesta ST ស៊េរីឆ្នាំ 2014-2015, Ford Fusion ស៊េរីឆ្នាំ 2013-2014 និង Ford Transit Connect ស៊េរីឆ្នាំ 2013-2015។ រថយន្តទាំងនោះ គឺសុទ្ធតែបំពាក់ម៉ាស៊ីនប្រភេទ GTDI ចំណុះ ១.៦ លីត្រ។

មន្រ្តីរបស់ក្រុមហ៊ុនកំពុងកំណត់រកបញ្ហាកង្វះទឹកសម្រាប់ធ្វើឲ្យម៉ាស៊ីនចុះត្រជាក់ដែលនាំឱ្យកើតមានបញ្ហាឆាបឆេះ លើរថយន្តម៉ូឌែលទាំងនោះ។ ព្រោះកាលណាម៉ាស៊ីនឡើងកម្តៅហួសកំណត់ វានឹងងាយបង្កឲ្យក្បាលស៊ីឡាំងម៉ាស៊ីនដែលបានបែកធ្លាយ ហៀរប្រេងម៉ាស៊ីនចេញ ហើយនឹងអាចធ្វើឱ្យមានការឆាប់ឆេះម៉ាស៊ីនរថយន្តខាងក្នុង។

ពាក់ព័ន្ធនឹងបញ្ហានេះ គ្មាននរណាម្នាក់ត្រូវបានគេរាយការណ៍មកថា បានរងរបួសនោះទេ ក្រៅពីមានរថយន្ត Ford បានរងការឆាបឆេះចំនួន ២៩ ករណី។

ក្រុមហ៊ុនបានថែ្លងក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធម្សិលមិញថា ម្ចាស់រថយន្តដែលឋិតក្នុងបញ្ជី នឹងទទួលបានការក្រើនរំឭកពីក្រុមហ៊ុន អំពីវិធីឆែក និងថែរក្សាកម្រិតទឹកត្រជាក់ក្នុងម៉ាស៊ីនរថយន្តរបស់ពួកឱ្យបានត្រឹមត្រូវ ហើយពួកគេអាចបន្តប្រើប្រាស់រថយន្តរបស់ខ្លួនបាន ប៉ុន្តែ ត្រូវយកទៅឱ្យខាងយាន្តដ្ឋានរបស់ក្រុមហ៊ុនចែកចាយបន្តត្រួតពិនិត្យ បើសិនកម្រិតទឹកត្រជាក់ក្នុងរថយន្តរបស់ពួកគេមានការខ្វះខាត ឡើងកម្តៅ ឬត្រូវការបន្ថែមទឹកត្រជាក់ជារឿយៗ។

លើសពីនេះ ក្រុមហ៊ុន Ford បានបញ្ជាក់បន្ថែមថា នៅពេលណាសម្ភារគ្រឿងបន្លាស់មកដល់ ខាងសាខាចែកចាយបន្តនានារបស់ក្រុមហ៊ុន នឹងធ្វើការដំឡើងឧបករណ៍ស្ទង់កម្រិតទឹកត្រជាក់ក្នុងម៉ាស៊ីនរថយន្ត ជាមួយការគាំទ្រទាំងផ្នែក Hardware និង Software ដោយឥតគិតថ្លៃជូនអតិថិជនតែម្តង។

ក្រៅពីនេះ Ford ក៏បានចេញសេចក្តីប្រកាសប្រមូលរថយន្ត Fiestas ស៊េរីឆ្នាំ 2014, Fusion ស៊េរីឆ្នាំ 2013-2014 និង Lincoln MKZ ស៊េរីឆ្នាំ 2013-2014 នៅអាមេរិកខាងជើងផងដែរ ដោយសារគន្លឹះទ្វារមានបញ្ហា។

គួរបញ្ជាក់ថា ការប្រកាសប្រមូលរថយន្តមកជួសជុសទាំង ២ ករណីនេះ ត្រូវបានគេរំពឹងទុកមុនថា ក្រុមហ៊ុន Ford នឹងចំណាយទឹកប្រាក់អស់ចំនួន ២៩៥ លានដុល្លារ អាមេរិក៕

ប្រភព៖ detroitnews.com

 

 

មតិយោបល់