ព័ត៌មានជាតិ

ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូស្ទាវបុកពេញទំហឹងរងរបួសធ្ងន់ស្រាល៤នាក់ ក្នុងនោះមានក្មេងអាយុ៦ឆ្នាំផងដែរ

ប៉ៃលិន: ភ្នាក់ងារPost Newsប្រចាំខេត្តប៉ៃលិនបានឲ្យដឹងថា កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ មានករណីបុរសម្នាក់រងរបួសធ្ងន់ធ្ងរ បែកក្បាលហូរឈាមចេញតាមត្រចៀក សន្លប់នៅនឹងកន្លែង ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈបើកម៉ូតូឌុបកូនប្រុសតូចម្នាក់ ចេញពីក្នុងផ្សារ បម្រុងឆ្លងផ្លូវត្រឡប់ទៅផ្ទះវិញ ស្របពេលមានយុវជន ២នាក់បើកបរម៉ូតូទំនើបម៉ាក MSX គ្មានស្លាកលេខ ក្នុងស្ថានភាពស្រវឹង ដោយល្បឿនលឿន ក៍ជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាលតែម្តង ។

ហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុច ចំណតរថយន្តថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ដែលបើកបរម៉ូតូបម្រុងឆ្លងផ្លូវជាតិនេះ មាន ឈ្មោះ យឿន តាក់ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបែកក្បាលហូរឈាមចេញតាមត្រចៀកធ្ងន់ធ្ងរ សន្លប់មិនទាន់ដឹងខ្លួន ដោយបើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម លាយលឿង អត់ស្លាកលេខ រងការខូចខាតយ៉ាងដំណំ និងអ្នករួមដំណើរ ឈ្មោះ យឿន សៅ ភេទប្រុស អាយុ៦ឆ្នាំ រងរបួសស្រាល ត្រូវជាកូនប្រុសជនរងគ្រោះ រស់នៅក្នុងក្រុងប៉ៃលិន ដោយមិនទាន់ដឹងពីអាស័យដ្ឋានពិតប្រាកដនៅឡើយ ពីព្រោះជនរងគ្រោះសន្លប់មិនទាន់ដឹងខ្លួន ។ ចំណែកយុវជនស្រវឹងស្រា បើកបរម៉ូតូក្នុងល្បឿនលឿន ឈ្មោះ ជាតិ នី ហៅព្រឹម ភេទប្រុស អាយុ២១ឆ្នាំ រងរបួសស្រាល ជាអ្នកបើកបរម៉ូតូម៉ាក MSX ពណ៌ស លាយខ្មៅ អត់ស្លាកលេខ និងអ្នករួមដំណើរ ឈ្មោះ សាន្ត ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកបរម៉ូតូឌុបកូនប្រុសរបស់ខ្លួនចេញពីក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ទិសដៅពីជើងទៅត្បូង បម្រុងឆ្លងផ្លូវជាតិទៅម្ខាងទៀត ស្របពេលដែលយុវជនពីរនាក់ស្រវឹងស្រាជោគជាំ បើកបរម៉ូតូក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិ ក៍ជ្រុលទៅបុកជនរងគ្រោះចំពាក់កណ្តាលម៉ូតូយ៉ាងពេញទំហឹង លាន់ឮ ដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង ៤នាក់តែម្តង ។ ប្រភពបន្តទៀតថា ជនរងគ្រោះទាំងសងខាង គឺមិនមានពាក់មួកសុវត្ថិភាពដូចគ្នា ហើយក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកម៉ូតូទាំងពីរគ្រឿង បន្ទាប់ពីនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលខេត្តប៉ៃលិន ធ្វើការវាស់វែងរួច ក៏ដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយ ៕

https://youtu.be/VL349TD-FK8

មតិយោបល់