ក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia កំពុងធ្វើការប្រកាសប្រមូលរថយន្តជាង ១ លានគ្រឿង ក្រោយពីរកឃើញថា រថយន្តទាំងនោះ អាចនឹងមានបញ្ហាម៉ាស៊ីនជាប់គាំងដំណើរការ បណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
យោងតាមទីភ្នាក់ងារព័ត៌មាន The Associated Press រថយន្តចំនួន ១.២ លានគ្រឿង កំពុងត្រូវបានអំពាវនាវយកចូលមកវិញ ដោយសារតែកំហុសឆ្គងក្នុងការផលិត ដែលអាចនាំឱ្យម៉ាស៊ីនបំពាក់ក្នុងរថយន្តរលត់ និងខូច។
បញ្ហានេះ បង្កឡើងដោយសារកម្ទេចកម្ទីបន្សល់ទុកក្នុងពេលផលិត ដែលអាចរាំងស្ទះដល់លំហូរប្រេងចូលទៅស្ទប់ម៉ាស៊ីនខាងក្នុង។ អ្នកបើកបររថយន្តដែលមានបញ្ហាគ្រឿងម៉ាស៊ីននេះ អាចនឹងកត់សម្គាល់ដឹងតាមរយៈសំឡេងឃ្លូកៗលាន់ឮចេញពីម៉ាស៊ីនខាងក្នុង ឬសញ្ញាភ្លើងព្រមានអំពីបញ្ហាម៉ាស៊ីននៅលើតាប៊្លូរបស់រថយន្ត។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP បានឱ្យដឹងបន្ថែមថា រថយន្តទាំងជាងមួយលានគ្រឿងនោះ គឺសុទ្ធសឹងតែផលិតចេញក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៤ ក្នុងនោះ មានរាប់បញ្ចូលរថយន្ត Kia ធុនកណ្តាល ម៉ូឌែល Optima ស៊េរីឆ្នាំ ២០១១ ដល់ ២០១៤, ប្រភេទ SUV ម៉ូឌែល Sportage ស៊េរីឆ្នាំ ២០១១ ដល់ ២០១៣ និងប្រភេទ SUV ម៉ូឌែល Sorento ស៊េរីឆ្នាំ ២០១២ ដល់ ២០១៤។
ក្រៅពីនេះ មានរថយន្ត Hyundai ម៉ូឌែល Santa Fe Sport ប្រភេទ SUV និងម៉ូឌែល Sonata ធុនកណ្តាល ស៊េរីឆ្នាំ ២០១៣ និង ២០១៤។
ក្រុមហ៊ុន Hyundai និង Kia នឹងផ្តល់ព័ត៌មានទៅដល់ម្ចាស់រថយន្តដែលមានបញ្ហាទាំងនោះ ហើយពួកគេអាចទទួលបានសេវាកម្មឆែក និងជួសជុលម៉ាស៊ីនរបស់ពួកគេដោយឥតថ្លៃពីយានដ្ឋានរបស់ក្រុមហ៊ុនចែកចាយបន្តនានា។ សម្រាប់ការប្រកាសប្រមូលមកពិនិត្យ និងជួសជុលនេះ ត្រូវបានគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១៩ មិថុនា ខាងមុខ៕
ប្រភពព័ត៌មានៈ statesman
មតិយោបល់