បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូនកាមេរ៉ាភ្លោះ ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជា នាល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ បានរៀបចំពិធីជួបជុំពិសេសមួយ ដើម្បីអបអរថ្ងៃបុណ្យគ្រិស្តម៉ាក និងចូលឆ្នាំសកល ក៏ដូចជាថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន និងដៃគូសហការ នៅឯភោជនីយដ្ឋាន Moon Light។
កម្មវិធីជប់លៀងនេះ មានការចូលរួមពីសំណាក់តារាចម្រៀង តារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព ព្រមទាំងក្រុមការងារ Huawei សរុបជាង ៧០ រូប ព្រមទាំងមានការចាប់រង្វាន់ធំ ទូរស័ព្ទ Huawei GR5 ស៊េរី ២០១៧ រួមជាមួយរង្វាន់បន្ទាប់បន្សំជាច្រើនផ្សេងទៀត។
លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំកម្ពុជា បានថ្លែងថា៖ «គោលបំណងនៃការបង្កើតកម្មវិធីជួបជុំនេះឡើង គឺដើម្បីថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់អតិថិជន ដៃគូសហការ តារាចម្រៀង តារាម៉ូដែល និងជាពិសេសមិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព ព្រមទាំងក្រុមការងាររបស់ក្រុមហ៊ុន ដែលបានជួយជំរុញឱ្យក្រុមហ៊ុន Huawei មានការរីកចម្រើនជាលំដាប់ រហូតអាចគ្រងតំណែងលេខ ១ ជាក្រុមហ៊ុនផលិតទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលទទួលបានប្រាក់ចំណេញខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្នុងត្រីមាសទីបី ឆ្នាំ ២០១៦ នេះ»។
ក្នុងកម្មវិធីនោះដែរ ដើម្បីជាអំណោយសម្រាប់អបអរថ្ងៃបុណ្យគ្រិស្តម៉ាក និងចូលឆ្នាំសកលខាងមុខ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីចាប់រង្វាន់ទូរស័ព្ទ Huawei GR5 2017, GR5 និង GR5 mini រួមទាំងរង្វាន់ជាច្រើនផ្សេងទៀត ជូនដល់មិត្តអ្នកសារព័ត៌មាន និងដៃគូសហការដែលមានវត្តមាននៅទីនោះផងដែរ៕
មតិយោបល់