ក្រុមហ៊ុន Toyota បានចេញសេចក្តីប្រកាសប្រមូលរថយន្ត Tacoma ធុនកណ្តាល ប្រភេទភិកអាប់ ស៊េរីឆ្នាំ ២០១៦–២០១៧ ប្រមាណ ២២៨,០០០ គ្រឿង នៅអាមេរិក ដើម្បីត្រួតពិនិត្យបញ្ហាសុវត្ថិភាព បន្ទាប់ពីគេរកឃើញថា រថយន្តទាំងនោះអាចនឹងកើតមានបញ្ហាលេចធ្លាយប្រេង។
បញ្ហានេះ គឺបណ្តាលមកពីខ្ចៅមួយចំនួនដែលប្រើសម្រាប់មូលរឹតដុំឌីផេរ៉ង់ស្យែល (ដុំហ្គែរសម្រាប់ធ្វើឱ្យកង់រថយន្តខាងក្រោយផ្លាស់ប្តូរល្បឿននៅពេលបត់ចុះឡើង)អាចនឹងមិនត្រូវបានមូលរឹតឱ្យជាប់ល្អ ដែលអាចនាំឱ្យលេចប្រេងនៅពេលវាបញ្ចូលកម្លាំងថាមពលពីម៉ូទ័រស្លាបចាក់ទៅកាន់កង់ក្រោយ។ ប្រសិនបើអ្នកបើកបរនៅតែបន្តបញ្ជាយានយន្តរបស់ខ្លួនទៅមុខ ខណៈប្រេងកំពុងហៀរចេញ នោះដុំឌីផេរ៉ង់ស្យែលនឹងមានការខូច ធ្វើឱ្យវាពិបាកធ្វើចលនាទៅមុខ និងលាន់សំឡេង។
ឆ្លើយតបចំពោះបញ្ហានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន នឹងឆែកមើលគ្រប់រថយន្តដែលរងផលប៉ះពាលទាំងនេះ ហើយប្រសិនបើរកមិនឃើញទេនោះ ក្រុមបច្ចេកទេសនឹងមូលខ្ចៅចូលឡើងវិញ ផ្ទុយទៅវិញ ក្រុមហ៊ុននឹងផ្លាស់ប្តូរខ្ចៅ និងកម្រងដុំឌីហ្វេរ៉ង់ស្យែលខាងក្រោយថ្មី។ ចុងក្រោយ ប្រសិនបើដុំនោះមានការខូចខាត ក្រុមហ៊ុននឹងប្តូរដុំថ្មីជូនអតិថិជនដោយឥតគិតថ្លៃតែម្តង៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់