ព័ត៌មានបច្ចេកវិទ្យា

ដឹង ៩ ចំណុចនេះហើយ អ្នកច្បាស់ជាទិញកុំព្យូទ័រលែងខកចិត្ត

ការទិញកុំព្យូទ័រថ្មីមួយយកមកប្រើ មិនមែនជារឿងងាយស្រួលនោះទេ។ ប្រភេទកុំព្យូទ័រមានខុសៗគ្នាជាច្រើន ហើយតម្លៃក៏ខុសគ្នាទៅតាមហ្នឹងដែរ សូមប្រាកដថាការទិញរបស់យើងមួយលើកនេះ គឺទិញឲ្យចំគោលដៅនៃតម្រូវការប្រើប្រាស់ ហើយបើសិនជាទិញខុស ច្បាស់ណាស់ថាមិនទាន់ដល់ ១​ ឆ្នាំផង អ្នកប្រហែលចង់ដូរថ្មីជាមិនខាន។ ពេលនេះ Post Tech យើងខ្ញុំសូមណែនាំគន្លឹះ ៩ ចំណុចដើម្បីធានាបានប្រសិទ្ធភាពក្នុងការជ្រើសរើសទិញកុំព្យូទ័ររបស់លោកអ្នក។

កុំព្យូទ័រលើតុ ឬកុំព្យូទ័រយួរដៃ (Desktop or Laptop)

ចំណុចនេះគឺមិនពិបាកទេក្នុងការសម្រេចចិត្ត។ ប្រសិនបើកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ បំពាក់សមត្ថភាពស្មើគ្នា ច្បាស់ណាស់ថាកុំព្យូទ័រលើតុមានតម្លៃថោកជាង ដោយសារតែវាមិនបានបំពាក់ថាមពលថ្ម ហើយការផលិតឡើងមិនចាំបាច់ បង្រួមគ្រឿងក្នុងឲ្យតូចៗ ដូចកុំព្យូទ័រយួរដៃនោះទេ។ ប៉ុន្តែបើនិយាយរឿងកម្លាំងម៉ាស៊ីនគឺមិនអាចប្រៀបផ្ទឹមជាមួយនឹងកុំព្យូទ័រលើតុបានទេ បើទោះជាវាមានតម្លៃថោកជាងក៏ដោយ។ ត្រង់ចំណុចនេះប្រសិនបើប្រិយមិត្តចង់សម្រេចចិត្តទិញ នឹងត្រូវពិចារណាបន្ថែមទៀតថា តើទិញយកប្រើប្រាស់នៅមួយកន្លែង ឬយកប្រើប្រាស់គ្រប់ទីកន្លែង។

អង្គប្រតិបត្តិ (CPU)

CPU គឺជាតួអង្គសំខាន់ជាងគេក្នុងចំណោមសមាសធាតុផ្សំទាំងអស់ និយាយឲ្យខ្លីវាគឺជាខួរក្បាល។ ប្រសិនបើអ្នកចង់បានកម្លាំងម៉ាស៊ីនខ្លាំង លឿនពេញចិត្ត អ្នកនឹងត្រូវសម្លឹងមើលប្រភេទ CPU ស៊េរីចាប់ពី Core i5 ឡើងទៅហើយ។ យើងថែមទាំងត្រូវដឹងពីជំនាន់របស់ CPU បន្ថែមទៀត ឧទាហរណ៍៖ Core i3, i5 ឬ i7 ជំនាន់ ២០១៥ ២០១៦ ឬ ២០១៧ មានន័យថា ជំនាន់កាន់ថ្មី កម្លាំងកាន់តែខ្លាំង ហើយខួរក្បាលកាន់តែឆ្លាតវៃ។

  • intel គឺជាឈ្មោះក្រុមហ៊ុន
  • CORE i3, i5 ឬ i7 ជាប្រភេទ CPU កាន់តែធំ កាន់តែខ្លាំង
  • 7th Gen ជាជំនាន់ CPU លេខ 7th តំណាងឲ្យឆ្នាំ ២០១៧

អង្គចងចាំ (RAM)

RAM ជួយឲ្យកុំព្យូទ័រដើរលឿន បើកធ្វើកិច្ចការច្រើនក្នុងពេលតែមួយ តែ RAM នៅតែពឹងផ្អែក CPU ដើម្បីដំណើរការទៅបានល្អ។ បញ្ជាក់ប្រសិនបើទំហំ CPU តូចហើយស៊េរីចាស់ទៀត ទោះយើងបន្ថែមទំហំ RAM ប៉ុន្មានក៏មិនអាចជួយកុំព្យូទ័រឲ្យដើរលឿនបានដែរ។ ឧទាហរណ៍៖ CPU Core i3 តែបន្ថែមទំហំ RAM រហូតដល់ 16 GB នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដោយសារតែខួរក្បាលកុំព្យូទ័រមិនអាចហក់ដល់ល្បឿន RAM 16 GB បានទេ។

អង្គផ្ទុកទិន្នន័យ (Hard Drive)

Hard Disk អាចផ្ទុកទិន្នន័យបានជាច្រើន ហើយក៏ជាសមាសធាតុសំខាន់មួយផងដែរ ក្នុងការបោះទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធប្រតិបត្តិការ ដែលគេតែងតែហៅថា Read (ទាញប្រើ) និង Write (ចំលងដាក់)។ កាលពីមុនគេនិយមប្រើ Hard Disk Drive (HDD) ជាប្រភេទ IDE ឬ SATA ហើយទាំង ២ ប្រភេទនេះនៅមិនទាន់មានសមត្ថភាពខ្ពស់ក្នុងការ Read/Write បានរហ័សនោះទេ ដោយសារវាប្រើប្រាស់បន្ទះថាសរឹងវិលដើម្បីធ្វើការ។ បច្ចុប្បន្ននេះគេនិយមប្រើ Solid State Drive ដែលទើបចេញមកមានឈ្មោះថា SSD វាមិនបានប្រើនូវបន្ទះថាសរឹងទៀតទេ ពោល គឺវាប្រើបន្ទះឈីបដូចទៅនឹង USB Flash អីចឹងដែរ ហេតុនេះហើយការបោះទិន្នន័យ​របស់វាមានល្បឿនលឿនជាង​ HDD ប្រភេទផ្សេងៗដល់ទៅ ៣ ដង​ ប៉ុន្តែ SSD វាក៏មានតម្លៃថ្លៃគួរសមផងដែរ ហើយពុំសូវជាមានទំហំផ្ទុកធំដូច HDD ទេ ។

រន្ឋដោត (Port)

បើសិនជាប្រិយមិត្តមានតម្រូវការដោតភ្ជាប់ខ្សែជាច្រើន រាល់ពេលប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរជ្រើសរើសកុំព្យូទ័រដែលមានរន្ធដោតឲ្យបានគ្រប់គ្រាន់។ រន្ធដោត USB សំខាន់ជាងគេ​ ហើយជំនាន់របស់វាឥឡូវចេញដល់ ៣.០ ហើយដែលមានបន្ទះពណ៌ខៀវចំកណ្តាល។ ជំនាន់ថ្មីនេះអាចធ្វើការ Read/Write លឿនជាងជំនាន់ ២.០ ដល់ទៅ ៣ ដងឯណោះ ហើយបច្ចុប្បន្ននេះមានចេញដល់រន្ធ USB ប្រភេទ C ទៀត ដែលអាចធ្វើការ Read/Write លឿនជាង ៣.០ ទៅទៀត តែពុំទាន់សម្បូរបែបនៅឡើយ ព្រោះថា USB Flash គឺមិនអាចដោតត្រូវជាមួយរន្ធ USB ប្រភេទ C ទេ។

ប្រព័ន្ធដំណើរការ (Operating System)

នៅលើលោកនេះមានប្រព័ន្ធប្រតិបត្តិការ ៣ ធំៗគឺ Windows, Mac និង Linux។ ប្រិយមិត្តរាល់គ្នាប្រហែលជាធ្លាប់បានប្រើប្រាស់តែចំពោះប្រព័ន្ធប្រតិបត្តិការ Windows ទេតាមមើលទៅ រីឯ Mac និង Linux អាចថាមិនធ្លាប់សូម្បីតែឃើញ តែគុណសម្បត្តិរបស់ពួកវាមានរៀងៗខ្លួន។

  • Windows អភិវឌ្ឈឡើងដោយក្រុមហ៊ុន Microsoft វាសម្បូរទៅដោយធនធានប្រើប្រាស់ទាំងកម្មវិធីប្រើប្រាស់ និងហ្គេម។ វាងាយស្រួលក្នុងការប្រើប្រាស់ ហើយសាកសមនឹងអ្នកប្រើប្រាស់គ្រប់កម្រិតទាំងអស់។
  • Mac អភិវឌ្ឈឡើងដោយក្រុមហ៊ុន Apple វាពុំសូវសម្បូរហ្គេមទេ​​ តែពោរពេញទៅដោយកម្មវិធីមានអត្ថប្រយោជន៍ ការរចនាមានភាពទាក់ទាញ ពិបាកយល់ការប្រើប្រាស់តែមានសុវត្ថិភាពខ្ពស់ខ្លាំង។ ប្រសិនបើប្រិយមិត្តបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមួយនេះ ច្បាស់ជាជាប់ចិត្តដកមិនរួចឡើយ។
  • Linux អភិវឌ្ឍឡើងដោយអ្នកជំនាញបង្កើតកម្មវិធីកុំព្យូទ័រម្នាក់ឈ្មោះ Linus Torvalds មិនតម្រូវជាមួយអ្នកប្រើប្រាស់គ្រប់គ្នាទេ ក៏មិនមានន័យថាយើងមិនអាចប្រើវាបានដែរ តែវាផ្តោតសំខាន់សម្រាប់អ្នកដែលជំនាញផ្នែក IT Network ឬ Programmer។

អង្គប្រតិបត្តិក្រាហ្វិក (Graphic Card Proccesor VGA)

ជាធម្មតាកុំព្យូទ័រគ្រប់ប្រភេទតែងតែភ្ជាប់មកស្រេចជាមួយអង្គប្រតិបត្តិក្រាហ្វិក ដែលគេតែងហៅថា VGA ជាប់ (Intergrated) តែនេះមិនមែនជា VGA ដែលមានឥទ្ធិពលខ្លាំងនោះទេ ហើយប្រសិនបើលោកអ្នកជាមនុស្សចូលចិត្តលេងហ្គេមថែមទៀតនោះ គឺច្បាស់ណាស់ថានឹងត្រូវការ VGA បន្ថែមលើសហ្នឹង ដែលគេតែងហៅថា VGA ដាច់ (Dedicated)។ VGA ដាច់ដែលពេញនិយមសព្វថ្ងៃនេះមាន ២ ប្រភេទ គឺ AMD Radeon និង nVidia GeForce ហើយវាសុទ្ធតែអាចគាំទ្រការលេងហ្គេមបានល្អដូចគ្នា ប៉ុន្តែក៏អាស្រ័យលើទំហំរបស់វាផងដែរ។ ជាធម្មតា VGA គឺមិនមែនចេះតែអាចទិញថែមបានទេ គឺអាស្រ័យលើបន្ទះឈីបកុំព្យូទ័រអាចបន្ថែមបាន ឬអត់។ រាល់ពេលដែលយើងទិញ គួរណាស់ត្រូវសួរគេជាមុនអំពី VGA ដាច់។ បើសិនជាអាចទទួលបានអង្គប្រតិបត្តិក្រាហ្វិក nVidia GeForce ស៊េរី GTX 980 ទំហំ 4 GB GDDR5 នឹងជាការប្រសើរសម្រាប់អ្នកចូលចិត្តលេងហ្គេមខ្នាតធំ។ បញ្ជាក់៖ មិនមែនត្រឹមតែលេងហ្គេមបានទេ វាថែមទាំងប្រសើរសម្រាប់អ្នកជំនាញកាត់តវីដេអូផងដែរ។

អេក្រង់ (Display)

សុខភាពភ្នែកជារឿងសំខាន់ណាស់ ហើយបច្ចុប្បន្នការប្រើប្រាស់កុំព្យូទ័រកាន់តែសម្បូរបែប ក៏ដូចជាការប្រើភ្នែកសម្លឹងចំអេក្រង់កុំព្យូទ័រកាន់តែយូរៗទៅ។ យើងក៏ត្រូវតែជ្រើសរើសយកអេក្រង់ដែលមានគុណភាពល្អដូចគ្នាដែរ។ អេក្រង់ល្អមិនល្អសំខាន់់លើខ្នាត (Resolution) របស់វា យើងត្រូវដឹងថាទំហំ Resolution កាន់តែធំ ការបញ្ចាំងរូបភាពលើអេក្រង់កាន់តែច្បាស់ល្អ ឧទាហរណ៍៖ Resolution ធម្មតាត្រឹមតែ 1366 x 768 រីឯ Resolution ដែលច្បាស់គឺ 2560 x 1600 (នេះជាខ្នាតរបស់កុំព្យូទ័រ Macbook Pro ប្រភេទ Retina Display) បច្ចុប្បន្ននេះមានចេញ Resolution រហូតដល់ 4k គិតជាខ្នាត 3840 x 2160 ប៉ុន្តែវាពុំទាន់មានសម្បូរបែបនោះទេ។

៩ – ថាមពលថ្ម​ (Battery)

ចំណុចនេះ ប្រសិនជាយើងជ្រើសរើសយកកុំព្យូទ័រយួរដៃ យើងនឹងត្រូវយល់ពីរបៀបត្រួតពិនិត្យថ្ម។ ជាទូទៅថាមពលថ្មដែលភ្ជាប់ស្រេចនៅលើកុំព្យូទ័រ អាចប្រើប្រាស់បានខ្ទង់​ ២ ទៅ ៤ ម៉ោងអីប៉ុណ្ណោះ។ ថាមពលថ្មកាន់តែយូរអាស្រ័យលើ mAh កាន់តែធំ។​ ឧទាហរណ៍៖ 3095 mAh បានសេចក្តីថាយើងអាចប្រើប្រាស់វាបានខ្ទង់ 3 ម៉ោង និយាយរួមគឺ 1000 mAh ប្រហែល ១ ម៉ោង។ បើទទួលបានថាមពលថ្មទាបពេក អ្នកនឹងមានវិប្បដិសារី ក្រោយពេលយកមកប្រើប្រាស់។

កុំព្យូទ័រខ្លាំងហើយល្អងាយស្រួលប្រើ មិនមែនទាល់តែមានតម្លៃថ្លៃកប់នោះទេ នោះគឺអាស្រ័យលើយើងចេះវិភាគ នឹងទិញយកមួយណាដែលសាកសមនឹងការប្រើប្រាស់របស់យើងជាងគេ៕

មតិយោបល់