ព័ត៌មានបច្ចេកវិទ្យា

កាន់តែច្បាស់! Nokia នឹងបង្ហាញស្មាតហ្វូនថ្មីនៅចុងឆ្នាំនេះ ជាមួយនឹងលក្ខណៈពិសេសដ៏អស្ចារ្យ

ចិន៖ ប្រធានក្រុមហ៊ុន Nokia ប្រចាំប្រទេសចិន ធ្លាប់បានអះអាងកន្លងមកថា ស្មាតហ្វូនប្រើប្រាស់ស្លាកសញ្ញា Nokia នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Microsoft ត្រូវបានបញ្ចប់ ហើយក៏ជាការបើកទំព័រសករាជថ្មីនៅលើវិថីអាជីវកម្មទូរស័ព្ទចល័តផងដែរ។

នៅថ្ងៃនេះ HMD ដែលជាក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Nokia បានចេញផ្សាយនូវសេចក្ដីប្រកាសមួយថា នៅចុងឆ្នាំនេះ ក្រុមហ៊ុន Nokia នឹងប្រកាសបង្ហាញស្មាតហ្វូនថ្មី ប៉ុន្តែមិនបានបញ្ជាក់ថា ចំនួនប៉ុន្មានម៉ូដែលនោះទេ ហើយក៏មិនបានបង្ហាញឲ្យដឹងទាក់ទិននឹងលក្ខណៈពិសេសរបស់ស្មាតហ្វូនទាំងនោះដែរ។

ដោយឡែកប្រភពព័ត៌មានពីប្រទេសចិនវិញ បានទម្លាយឲ្យដឹងថា Nokia បានត្រៀមស្មាតហ្វូនចំនួន ៣ម៉ូដែលសម្រាប់ជាការបោះទុន និងឈានជើងចូលទីផ្សារស្មាតហ្វូនវិញ ដោយក្នុងនោះ មាន ២ម៉ូដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ខណៈម៉ូដែលមួយផ្សេងទៀត ត្រូវបាន Nokia ត្រៀមសម្រាប់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2017 ដើមឆ្នាំ ២០១៧។

ស្មាតហ្វូនថ្មីរបស់ Nokia នោះ ត្រូវបានគេដឹងថា មានអេក្រង់ ៥.២អ៊ីង និង ៥.៥អ៊ីង ជាប្រភេទ QHD OLED និងមានអង្គប្រតិបត្តិការ Snapdragon 820 processors ជាពិសេសគឺបំពាក់កាមេរ៉ាទំហំ ២២.៦មេហ្គាភិចសែល ព្រមទាំងលក្ខណៈពិសេសថ្មីមួយទៀតគឺធន់នឹងការជ្រាបទឹក និងលើសពីនេះគឺប្រើប្រាស់ប្រព័ន្ធដំណើរការ Android 7.0 Nougat៕

Nokia-Connecting-People

មតិយោបល់