ក្រុមហ៊ុន Ford Motor នៅថ្ងៃអង្គារមុន បានប្រកាសពីចំនួនទឹកប្រាក់វិនិយោគដែលខ្លួនគ្រោងនឹងបោះទៅលើការបង្កើតរោងចក្រផលិតរថយន្ត ៣ កន្លែងនៅក្នុងទីក្រុង Detroit រដ្ឋ Michigan រាប់បញ្ចូលទាំងការបង្កើនមុខតំណែងការងារចំនួន ១៣០ កន្លែងផ្សេងទៀត។
ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកនេះបាននិយាយថា ខ្លួននឹងចំណាយទឹកប្រាក់ ៨៥០ លានដុល្លារ ទៅលើគ្រោងការកែលំអររោងចក្រនៅក្នុងទីក្រុង Wayne រដ្ឋ Michigan សហរដ្ឋអាមេរិក ដើម្បីផលិតរថយន្ត Ford Bronco ប្រភេទទ្វារប្រាំ និង Ford Ranger ប្រភេទភីកអាប់ធុនតូច។
ក្រុមហ៊ុនក៏សន្យាថានឹងបោះទុន ១៥០ លានដុល្លារ ទៅលើរោងចក្រថាមពលមួយកន្លែងក្នុងទីក្រុង Remeo រដ្ឋ Michigan ដោយមានការរើសបុគ្គលិកបន្ថែមចំនួន ១៣០ នាក់ និង ២០០ លានដុល្លារ ផ្សេងទៀត ទៅលើមជ្ឈមណ្ឌលទិន្នន័យក្នុងទីក្រុង Flat Rock ដើម្បីគាំទ្រប្រព័ន្ធតភ្ជាប់ និងយានយន្តស្វ័យបើកបរ។
ទាំងនេះ គឺជាទឹកប្រាក់ដែលនឹងត្រូវបន្ថែមពីលើការប្រកាសទុនវិនិយោគពីមុនចំនួន ៧០០ លានដុល្លារ ទៅលើរោងចក្រក្នុងទីក្រុង Flat Rock សម្រាប់ផលិតរថយន្តអគ្គិសនីប្រភេទ Crossover ធុនតូចម៉ូឌែល Mustang និងរថយន្តស្វ័យបើកបរទាំងស្រុងដំបូងបង្អស់របស់ Ford បូករួមទាំងការបន្ថែមការងារថ្មីចំនួន ៧០០ កន្លែង។
ការប្រកាសនេះដែរ គឺធ្វើឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump អញ្ជើញទៅទស្សនកិច្ចនាទីក្រុង Detroit ដើម្បីសន្យាបង្កើនចំនួនការងារលើវិស័យយានយន្តបន្ថែមទៀត។ ភ្លាមៗក្រោយពីការប្រកាស លោក Donald Trump ក៏បានថ្លែងសាទរចំពោះក្រុមហ៊ុន Ford តាមរយៈទំព័រ Twitter របស់លោក ដែលក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកមួយនេះ បានសម្រេចបោះទុននៅក្នុងទឹកដីអាមេរិកដើម្បីសាងសង់រោងចក្រចំនួន ៣ និងជួយផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់បន្ថែមទៀត៕
ប្រភពព័ត៌មានៈ autoblog
មតិយោបល់