ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តលើលោក បាននិងកំពុងប្រឹងប្រែងប្រកួតប្រជែងគ្នាអភិវឌ្ឍបច្ចេកវិទ្យាស្វ័យបើកបរសម្រាប់បំពាក់លើផលិតផលរថយន្តម៉ូឌែលក្រោយៗរបស់ខ្លួនយ៉ាងខ្លាំង ក្នុងនោះក៏មានក្រុមហ៊ុន Nissan ផងដែរ។
ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោករបស់ជប៉ុនមួយនេះ ទើបបានរំលេចឱ្យឃើញនូវជំនួយការបើកបរស្វ័យប្រវត្តិលើកដំបូងរបស់ខ្លួនមានឈ្មោះថា ProPilot ជំនាន់ទីមួយ សម្រាប់រថយន្តត្រកូល Leaf EV ជំនាន់បន្ទាប់របស់ខ្លួន ផលិតចេញលក់នៅអាមេរិកខាងជើង និងអឺរ៉ុប។
ប្រព័ន្ធស្វ័យបើកបរថ្មីរបស់ក្រុមហ៊ុននេះ អាចចុចឱ្យដំណើរការបានភ្លាមៗ តាមរយៈប៊ូតុងមួយរចនាឡើងនៅលើដៃចង្កូតរបស់រថយន្ត ហើយនៅពេលបើកដំណើរការ វាអាចគ្រប់គ្រងដៃចង្កូត ហ្រ្វាំង និងល្បឿនរបស់រថយន្តបាន ប៉ុន្តែ បានតែនៅលើផ្លូវឯកទិសប៉ុណ្ណោះ។
ក្នុងនោះដែរ អ្នកបើកបរនឹងអាចឃើញស្ថានភាពចំពោះមុខតាមរយៈអេក្រង់ព័័ត៌មានបង្ហាញជារូបភាពក្រាហ្វិកឌីជីថលលើតាប្ល៊ូរបស់រថយន្ត ពីក្រោយដៃចង្កូត។
ទោះបីជាប្រព័ន្ធថ្មីនេះ មិនទាន់អាចធៀបផ្ទឹមនឹងប្រព័ន្ធស្វ័យបើកបរដែលទំនើបបំផុតរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla ដែលអាចផ្លាស់ប្តូរខ្សែផ្លូវរថ ចាប់ល្បឿនចរាចរ ចូលចត និងចាប់ហ្វ្រាំងពេលជួបអាសន្នដោយខ្លួនឯងក៏ដោយ ក៏វាអាចជួយគ្រប់គ្រងដៃចង្កូតជំនួសអ្នកបើកបរលើផ្លូវក្រៅក្រុងផងដែរ។
ម្យ៉ាងទៀត ក្រុមហ៊ុន Nissan បានសន្យាថា ខ្លួននឹងផ្តល់នូវប្រព័ន្ធស្វ័យបើកបរដែលកាន់តែទំនើបជាងនេះថែមទៀត នៅឆ្នាំបន្តបន្ទាប់ ដែលវានឹងអាចបញ្ជាយានយន្តជំនួសអ្នកបើកបរលើដងវិថីខ្វាត់ខ្វែងក្នុងទីក្រុងបាន។
គួរបញ្ជាក់ថា រថយន្ត Nissan Leaf EV ម៉ូឌែលថ្មី ដែលនឹងបំពាក់ប្រព័ន្ធ ProPilot នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងខែកញ្ញា ហើយនឹងចេញលក់នៅបំណាច់ឆ្នាំ ជាមួយការបំពាក់អាគុយកម្លាំង ៦០ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយជាង ៣០០ គីឡូម៉ែត្រ បន្ទាប់ពីសាកបំពេញថាមពលថ្មម្តងៗ ដែលនេះ គឺខ្លាំងជាងម៉ូឌែលបច្ចុប្បន្នទ្វេដង៕
អត្តបទៈ សេង, ប្រភពព័ត៌មានៈ engadget
មតិយោបល់