នៅមិនដល់មួយខែទៀតទេ ក្រុមហ៊ុន Huawei នឹងប្រកាសចេញកំពូលស្មាតហ្វូនត្រកូលអេក្រង់ធំស៊េរី Mate 10 របស់ខ្លួនហើយ។ ស្របពេលជាមួយគ្នានោះ Mate 10 រចនាបទ Porsche ដ៏ប្រណិត បំពាក់អេក្រង់ធំលាតស្ទើរគ្មានបន្សល់គែមលើក្រោម និងមានគែមសងខាងកោងខុបបន្តិច ត្រូវបានបែកធ្លាយ ព្រមជាមួយលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន និងតម្លៃទៀតផង។
មិនខុសពីម៉ូឌែលធម្មតារបស់វាដែលត្រូវគេរាយការណ៍កន្លងមកនោះទេ Mate 10 Porsche Design ត្រូវបានបំពាក់មកជាមួយកញ្ចក់អេក្រង់ប្រភេទ AMOLED ទំហំ ៥.៩ អីុញ ប្រើខ្នាតបញ្ចាំងរូបភាព ២៥៦០ x ១៤៤០ ភិចសែល និងផ្តល់ថាម ពលដោយបន្ទះឈីបថ្មី Kirin 970 ផលិតឡើងដោយក្រុមហ៊ុនផ្ទាល់ ហើយនឹងមានអមមកជាមួយ RAM ទំហំ ៦/៨ GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ១២៨/២៥៦ GB។
ក្នុងនោះដែរ កាមេរ៉ាភ្លោះក្រោយ នឹងមានទំហំ ១៦-២៣ MP ប្រើបច្ចេកវិទ្យាកាមេរ៉ាអាជីព Leica ចំណែកកាមេរ៉ាមុខមានទំហំ ១៣ MP និងផ្តល់ថាមពលដោយថ្មទំហំ ៤៥០០ មីល្លីអំព៊ែរ គាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស ហើយនឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និង EMUI 6.0 ចេញពីប្រអប់តែម្តង។
សម្រាប់តម្លៃវិញ Mate 10 Porsche Design នឹងត្រូវគេដាក់លក់ក្នុងចន្លោះពី ១៣៥០ ដុល្លារ ទៅ ១៥០០ ដុល្លារ ប៉ុន្តែ វានឹងមិនទាន់ចែកចាយលក់នៅលើទីផ្សារនោះទេ រហូតដល់បំណាច់ឆ្នាំនេះ ឬដើមឆ្នាំ ២០១៨។
គួររំឭកថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ Huawei បានបញ្ចេញម៉ូឌែលពិសេសសម្រាប់ទូរសព្ទស៊េរីកំពូលរបស់ខ្លួន ក្រោមការសហការជាមួយក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អាល្លឺម៉ង់ Porsche ហើយវាគឺផលិត និងដាក់លក់តែនៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ៕
https://www.youtube.com/watch?v=upC1yESitcY
ប្រភពព័ត៌មានៈ targetyoutube
មតិយោបល់