ព័ត៌មានបច្ចេកវិទ្យា

ឧបករណ៍ពាក់ជាប់ខ្លួននេះ អាចឱ្យយើងមើលឃើញខាងក្នុងខួរក្បាលមនុស្សម្នាក់ផ្សេងបាន!

ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងមួយឈ្មោះថា Openwater បានប្រកាសពីគោលបំណងប្រកបដោយមហិច្ឆតាក្នុងការបង្កើតឧបករណ៍បំពាក់ជាប់ខ្លួនមួយដែលអនុញ្ញាតឱ្យយើងមើលឃើញដំណើរការខាងក្នុងរាងកាយ និងខួរក្បាលរបស់មនុស្សម្នាក់ផ្សេងទៀតបាន។

តាមធម្មតា បើនិយាយអំពីសមត្ថភាពអានចិត្តមនុស្សខាងក្នុងរាងកាយរបស់ពួកគេ គឺគេតែងសម្តៅទៅលើមនុស្សដែលចេះវិជ្ជាទូរវេទន៍ (Telepathy) ដែលគេច្រើនឃើញមានតែនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តប៉ុណ្ណោះ។ ប៉ុន្តែ អតីតថ្នាក់ដឹកនាំក្រុមហ៊ុន Facebook ម្នាក់និយាយថា យើងទាំងអស់គ្នាសុទ្ធតែអាចយ៉ាង​យោចណាស់មើលឃើញខាងក្នុងចិត្តមនុស្សណាម្នាក់បាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបំពាក់ជាប់ខ្លួនដែលត្រឹមត្រូវ។

លោកស្រី Mary Lou Jepsen ធ្លាប់មានតួនាទីជានាយកផ្នែកបច្ចេកវិទ្យាអេក្រង់នៅក្រុមហ៊ុន Oculus ដែលត្រូវបានក្រុមហ៊ុន Facebook ទិញយក មុនពេលលោកស្រីចាកចេញទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះ Openwater។ គោលដៅចម្បងរបស់ក្រុមហ៊ុនថ្មីថ្មោងមួយនេះ គឺចង់បង្កើតឧបករណ៍ពាក់ជាប់រាងកាយមួយដែលអាចឱ្យអ្នកពាក់មើលឃើញដំណើរការខាងក្នុងរាងកាយ និងខួរក្បាលរបស់មនុស្ស ក្នុងកម្រិតរូបភាពគុណភាពខ្ពស់ និងធ្វើការដូចជាម៉ាស៊ីន Magnetic Resonance Imagine អីចឹង ហើយវានឹងត្រូវបំពាក់ផ្ទាំងកម្មវិធីមួយឈ្មោះថា Brain-Computer Interface។

លោកស្រី Jepsen បានគូសបញ្ជាក់ថា «ឧបករណ៍បច្ចេក​វិទ្យា​អានចិត្តមនុស្ស នឹងមិន​ត្រូវការពេលច្រើនទសវត្សន៍ដើម្បីបង្កើតវាឡើងនោះទេ… គឺយ៉ាងយូរត្រឹម ៨ ឆ្នាំប៉ុណ្ណោះ»។ លោកស្រីបន្ថែមថា «ក្រុមហ៊ុនរបស់យើងគ្រោងនឹងផលិតចេញនូវគំរូឧបករណ៍នេះ ក្នុងចំនួនកំណត់ដ៏តិច​តួច​មួយ សម្រាប់បង្ហាញជូនដៃគូនានាអាចសាកល្បងមើលបានជាមុន នៅឆ្នាំក្រោយ»៕

ប្រភពព័ត៌មានៈ cnbc

មតិយោបល់