កាលពីប៉ុន្មានថ្ងៃមុន Post Tech បានលើកយកមុខងារ Emergency SOS នៅលើទូរសព្ទ iPhone ដែលត្រូវបានក្រុមហ៊ុន Apple បង្កើតឡើងដើម្បីអាចប្រើសម្រាប់អាចជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ក្នុងគ្រាអាសន្នណាមួយបាន មកបង្ហាញជូនប្រិយមិត្តម្តងរួចមកហើយ។ ប៉ុន្តែ ចំពោះប្រិយមិត្តដែលកំពុងប្រើប្រាស់ទូរសព្ទដៃស៊េរី Samsung Galaxy ប្រហែលជាមិនដឹងទេថា ទូរសព្ទរបស់ខ្លួនក៏មានមុខងារស្រដៀងគ្នានេះផងដែរ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានលក្ខណៈពិសេសជាងមុខងារ SOS ដែលមាននៅលើប្រព័ន្ធ iOS ថែមទៀតផង។
មុខងារនោះមានឈ្មោះថា Send SOS messages។ វាត្រូវបានក្រុមហ៊ុន Samsung ភ្ជាប់មករួចជាស្រេចនៅលើទូរសព្ទ Galaxy ចាប់ពីស៊េរី S6 និង S6 Edge ហើយមិនត្រឹមតែអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារទៅកាន់លេខទូរសព្ទដែលបានកំណត់ទុកមុន ក្នុងគ្រានអាសន្នណាមួយនោះទេ ប៉ុន្តែ វាក៏អាចផ្ញើភ្ជាប់ទៅជាមួយទីតាំងជាក់ស្តែងដែលលោកអ្នកកំពុងឋិតនៅ ខ្សែអាត់សំឡេង និងរូបថតថែមទៀតផង។

តាមរយៈមុខងារនេះ នៅពេលដែលវាបានបើកដំណើរការរួច លោកអ្នកគ្រាន់តែចុចលើប៊ូតុងបិទ/បើកផ្ទួនៗគ្នាចំនួន ៣ ដង នោះសារ SMS ទីតាំងដែលទូរសព្ទកំពុងឋិតនៅ ខ្សែអាត់សំឡេង និងរូបថត នឹងផ្ញើទៅកាន់តែលេខទូរសព្ទដែលបានជ្រើសរើសកំណត់ទុកមុនភ្លាមៗតែម្តង។
លក្ខខណ្ឌអនុវត្ត៖
- គាំទ្រលើទូរសព្ទ Samsung Galaxy ដើរដោយប្រព័ន្ធ Android ចាប់ពីស៊េរី S6 និង S6 Edge ឡើង
- ទូរសព្ទត្រូវមានទឹកប្រាក់ក្នុងគណនីសម្រាប់ការផ្ញើសារចេញ
របៀបអនុវត្ត៖
ជំហានទី១: បើកដំណើរការមុខងារ SOS
១- សូមចូលទៅកាន់កម្មវិធី Settings -> Privacy and Safety -> Send SOS messages
២- ចុច ON លើកុងតាក់បិទ/បើក ឋិតនៅជ្រុងខាងលើនៃផ្ទាំងកម្មវិធីផ្នែកខាងស្តាំ រួចចុចប៊ូតុង Agree។
ជំហានទី២: បញ្ចូលលេខទូរសព្ទសង្គ្រោះបន្ទាន់ក្នុងមុខងារ SOS
១- ភ្លាមៗបន្ទាប់ពីលោកអ្នកចុចបើកមុខងារ SOS រួច សូមចុចលើប៊ូតុង ADD ដើម្បីបញ្ចូលលេខទូរសព្ទ យ៉ាងហោចណាស់មួយ រួចចុចលើប៊ូតុង Done ហើយចុចប៊ូតុងត្រឡប់ (Back) ដើម្បីមកកាន់មឺនុយ SOS វិញ
២- បន្ទាប់មក លោកអ្នកក៏អាចជ្រើសរើសការភ្ជាប់រូបភាព និងសំឡេងទៅជាមួយសារ SOS បានផងដែរ តាមរយៈការចុច ON លើ Attach pictures និង Attach audio recording។
ជំហានទី៣: ប្រើប្រាស់មុខងារ SOS នៅលើទូរសព្ទ Samsung Galaxy
ក្នុងករណីមានហេតុការបន្ទាន់ ឬអាសន្នណាមួយ លោកអ្នកគ្រាន់តែចុចលើប៊ូតុងបិទ/បើក (Power) ផ្ទួនៗគ្នាចំនួន ៣ ដង បន្ទាប់មក ទោះបីអេក្រង់ទូរសព្ទកំពុងបិទ ឬបើកក៏ដោយ មុខងារ SOS នឹងចាប់បើកដំណើរការ ហើយទូរសព្ទ Galaxy របស់លោកអ្នក នឹងថតរូបភាពតាមកាមេរ៉ាមុខ-ក្រោយ រួមទាំងសំឡេងភ្លាមៗ រួចផ្ញើទៅកាន់លេខទូរសព្ទទំនាក់ទំនងដែលលោកអ្នកបានដាក់បញ្ចូលក្នុង SOS តែម្តង។ បន្ថែមពីលើនេះ វាក៏ភ្ជាប់ទៅជាមួយទីតាំងដែលលោកអ្នកកំពុងឋិតនៅ និងសារ “I need help” ឬប្រែថា “ខ្ញុំត្រូវការជំនួយ” ផងដែរ៕
មតិយោបល់