ក្រុមហ៊ុន LG ទើបប្រកាសឱ្យដឹងជាផ្លូវការនូវថ្ងៃបរិច្ឆេទបើកបង្ហាញកំពូលទូរសព្ទត្រកូល V របស់ខ្លួន ថានឹងធ្វើឡើងនៅថ្ងៃទី ៣១ សីហា នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ជាមួយការប្រកាសនេះដែរ ក្រុមហ៊ុនអេឡិច ត្រូនិចយក្សរបស់ប្រទេសកូរ៉េខាងត្បូងក៏បានបង្ហើបឱ្យឃើញពីរូបរាងទូរសព្ទដ៏ចម្លែកមួយ ពណ៌ខ្មៅក្រិប និងមើលទៅប្រណិតមិនធម្មតានោះទេ។

តាមរយៈរូបភាពពញ្ញាក់អារម្មណ៍មួយសន្លឹកដែលបានបង្ហាញនេះ ក្រុមហ៊ុនមិនបានផ្តល់តម្រុយអ្វីច្រើននោះទេ ប៉ុន្តែ គេអាចកត់សម្គាល់បានថា វានឹងបំពាក់អេក្រង់គ្មានគែមសងខាង ជាមួយមាត្រដ្ឋានរូបភាពថ្មី ២:១ រាងទ្រវែងមិនខុសពីបងប្អូនជីដូនមួយ G6 របស់វាប៉ុន្មានឡើយ។
ដោយឡែក បើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការកន្លងមក គេជឿថាស្មាតហ្វូនត្រកូលអេក្រង់ធំទំហំ ៦.២ អ៊ីញនេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 835 ប្រភេទ Octa-core ល្បឿន ២.៥៤ ជីហ្គាហឺត ថាមពលថ្ម ៣,២០០ មីល្លីអំព៊ែរ ប្រើរន្ធកាសប្រភេទ 3.5mm, RAM ទំហំ ៤/៦ ជីហ្គាបៃយ៍, ROM ទំហំ ៣២/៦៤/១២៨ ជីហ្គាបៃយ៍ ហើយវានឹងចេញលក់នៅលើទីផ្សារនៅចុងខែកញ្ញា។
LG V30 ក៏នឹងបំពាក់កាមេរ៉ាក្រោយភ្លាមទំហំ ១៣+១៣ មេហ្គាភិចសែល និងកាមេរ៉ាមុខ ៨ មេហ្គាភិចសែល មានបន្ទះស្គេនក្រយៅដៃនៅខាងក្រោយ ហើយវានឹងដាក់លក់ក្នុងតម្លៃប្រហែល ៧០០ ដុល្លារ សម្រាប់ជម្រើសទំហំផ្ទុកទិន្នន័យជាប់ម៉ាស៊ីន ៦៤ ជីហ្គាបៃយ៍៕

ប្រភពព័ត៌មានៈ engadget
មតិយោបល់