ព័ត៌មានបច្ចេកវិទ្យា

Asus សំញែងកាមេរ៉ាភ្លោះ ZenFone ថ្មី ស៊េរី 4 មុនថ្ងៃប្រកាសផ្លូវការ ខិតជិតចូលមកដល់

ក្រុមហ៊ុន Asus បានបង្ហាញឱ្យឃើញថា ខ្លួនកំពុងត្រៀមប្រកាសចេញគ្រួសារស្មាតហ្វូនត្រកូល ZenFone 4 ថ្មីរួចជាស្រេចហើយ នៅប៉ុន្មានសប្តាហ៍ខាងមុខ តាមរយ:រូបភាពដែលទើបទម្លាយចេញជាផ្លូវការ បង្ហាញពីសមត្ថភាពកាមេរ៉ាភ្លោះ អាចផ្តិតយករូបភាពបានយ៉ាងច្បាស់អស្ចារ្យ។

ស្មាតហ្វូនស៊េរី ZenFone 4 ត្រូវបានគេរំពឹងថា នឹងមានសមាជិក ៥ ម៉ូឌែល រួមមាន: ZenFone 4, ZenFone 4 Pro, ZenFone 4 Max, ZenFone 4 Selfie, និង ZenFone 4V។ ក្នុងចំណោមនោះ 4 Max ត្រូវបានក្រុមហ៊ុនប្រកាសចេញជាផ្លូវការរួចទៅហើយ នៅឯប្រទេសរុស្ស៊ី ជាមួយតម្លៃដាក់លក់ ២៣៥ ដុល្លារ (តម្លៃលក់ក្នុងតំបន់)។ ចំណែក ៤ ម៉ូដែលទៀត ត្រូវគេរំពឹងថានឹងប្រកាសចេញនៅខែសីហា (តាមព័ត៌មានចចាមអារ៉ាមវានឹងប្រកាសចេញថ្ងៃទី ១៧) និងខែកញ្ញានៅលើទីផ្សារតំបន់ផ្សេងៗគ្នា។

យោងតាមរូបភាពតម្រុយប៉ុន្មានសន្លឹក គេអាចទាយទុកមុនថា យ៉ាងហោចណាស់ក្នុងចំណោមទូរសព្ទ ZenFone 4 ទាំង ៥ នឹងមានមួយម៉ូឌែលបំពាក់កាមេរ៉ាភ្លោះ ជាមួយសតម្ថភាពផ្តិតយករូបភាពកាន់តែច្បាស់ ជាពិសេស ក្នុងទីដែលមានស្ថានភាពពន្លឺមិនគ្រប់គ្រាន់។

គួររំឭកថា Asus គឺជាក្រុមហ៊ុនអេឡិចត្រូនិក និងផលិតផ្នែករឹងសម្រាប់កុំព្យូទ័រ ដែលមានមូលដ្ឋាននៅតៃវ៉ាន់ និងដែលទើបបានពង្រីកខ្លួនចូលទៅក្នុងទីផ្សារទូរសព្ទចល័តនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយស្មាតហ្វូនត្រកូល ZenFone ជាច្រើនម៉ូឌែល សម្រាប់ផ្តល់ជាជម្រើសផ្សេងៗគ្នាដល់អតិថិជន៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់