ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ារ៉ា ប៊ុណ្ណា ប្រកាសឈប់ចម្លងបទបរទេស

យោងតាមកិច្ចសម្ភាសក្នុងកម្មវិធី Komsan Talkshow លោកម៉ារ៉ា ប៊ុណ្ណា ដែលរងការរិះគន់រឿងចម្លងបទIT បែកស្លុយ បានអះអាងថា លោកនឹងឈប់ចម្លងបទចម្រៀងបរទេសទៀតហើយ។ ក្នុងនោះលោកក៏បញ្ជាក់ពីហេតុផលដែលនាំឲ្យលោកផលិតបទនោះផងដែរ។

លោក ម៉ារ៉ា ប៊ុណ្ណា និយាយថាហេតុផលដែលសម្រេចចិត្តផលិតបទ”តារាបែកស្លុយ២០១៧” លំនាំបទថៃ និងរាំតាមស្ទីលនិស្សិតបែកស្លុយ គឺដោយសារតែលោកមានចេតនាចង់ឲ្យមានការរិះគន់ផ្ទុះឡើង។ លោកថាមានតែការរិះគន់ប៉ុណ្ណោះ ដើម្បីអាចបញ្ចប់សកម្មភាពរាំរែកតាមលំនាំនិស្សិតបែកស្លុយដែលលោកបានឃើញនៅលើហ្វេសប៊ុក។ លោកថាការរិះគន់ជាគោលដៅដែលលោកចង់បាន និងថាបើការរិះគន់មានសន្ទុះកាន់តែខ្លាំង និងធ្វើឲ្យបទចម្លងពីថៃ និងការរាំរែកតាមលំនាំនិស្សិតIT បែកស្លុយនឹងត្រូវបញ្ចប់។ យ៉ាងណាមិញ លោកសម្ដែងការហួសចិត្តដែលអ្នករិះគន់ខ្លះ បែរជាប្រមាថដល់ម្ដាយរបស់លោក ដោយមិនយល់ពីគោលដៅចង់បានរបស់លោក។ លោកថាខ្លួនមិនមែនជាតារាចម្រៀងកូពីទេ ប៉ុន្តែបណ្ដាលមកពីឃើញដាក់ចាក់បទថៃនិស្សិតបែកស្លុយហ្នឹងរាំតាមគគ្រឹកគគ្រេងពេក ទើបសម្រេចចិត្តច្រៀងបកប្រែ ដោយទី១លោកចង់ឲ្យអ្នកចង់រាំតាមលំនាំស្ទីលហ្នឹង ចាក់បទដែលច្រៀងជាខ្មែររាំវិញ និងអ្វីដែលលោកចង់បានគឺចង់ឲ្យគេរិះគន់ឲ្យច្រើន ដើម្បីឲ្យម្នាក់ស្អប់បទចម្លង ហើយងាកទៅគាំទ្រប្រភេទបទ Original Song វិញ។ លោកប្រកាសក្នុងកិច្ចសម្ភាសបន្តផ្ទាល់នោះថា នឹងមិនមានការចម្លងបទថៃ ឬបទបរទេសណាមួយទៀតទេ ដោយលោកបញ្ជាក់ថាខ្លួនមិនមែនជាតារាចម្រៀងដែលចូលចិត្តចម្លងបទគេមកច្រៀង។ លោកនឹងបញ្ចេញបទចម្រៀងនិពន្ធថ្មីៗវាយលុកទីផ្សារឲ្យបានច្រើន បន្ទាប់ពីការរិះគន់បានស្ងប់បន្តិច៕

មតិយោបល់