ព័ត៌មានបច្ចេកវិទ្យា

Samsung វ៉ា Intel យកតំណែងក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេលើលោក

ក្រុមហ៊ុន Samsung នៅថ្ងៃមិ្សលមិញ បានប្រកាសឱ្យដឹងពីរបាយការណ៍ប្រាក់ចំ​ណេញសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៧ ដែលមួយភាគធំបានមកពីអាជីវកម្មបន្ទះ​ឈីបមេម៉ូរី និងអេក្រង់ OLED របស់ខ្លួន។ ប៉ុន្តែ ក្រៅពីបង្ហាញឱ្យឃើញពីតួលេខប្រាក់ចំណេញប្រតិបត្តិការដ៏មហាសាល ក្រុមហ៊ុនក៏បានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយអាចដណ្តើមយកតំណែងក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតក្នុងលោកពីក្រុមហ៊ុន Intel។

ក្រុមអ្នកតាមដានឧស្សាហកម្មបន្ទះឈីបមើលឃើញថា ភាពជោគជ័យរបស់ក្រុមហ៊ុន គឺកើតឡើងដោយសារការលះបង់របស់ Samsung ទៅលើការអភិវឌ្ឍបន្ទះ​ឈីបមេម៉ូរី NAND និង DRAM ជំនាន់បន្ទាប់ សម្រាប់ឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទ។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Korea Herald។

ដោយការផលិតសារធាតុស៊ីលីកូនសម្រាប់គ្រឿងអេឡិចត្រូនិចគ្រប់យ៉ាង គឺតាំងពីសម្រាប់ម៉ាស៊ីនកុំព្យូទ័រមេ រហូតដល់ឧបករណ៍អិុនធើណែតប្រើភ្ជាប់ជាមួយទូរសព្ទចល័ត ក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ក្រុមហ៊ុន Samsung ដែលទទួលបន្ទុកផលិតបន្ទះ​ឈីបតែឯង រកប្រាក់ចំណូលប្រតិបត្តិការបានដល់ ៧.២ ពាន់លានដុល្លារ ពីការ​លក់សរុប ១៥.៨ ពាន់លានដុល្លារ។

ក្រុមហ៊ុន Intel របស់អាមេរិកវិញ បានចេញផ្សាយតួលេខនៃការលក់របស់ខ្លួនក្នុងអំឡុងខែមេសា ដល់មិថុនា ចំនួន ១៤.៨ ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិ​បត្តិការ ៣.៨ ពាន់លានដុល្លារ កើន ២៥.៧ ភាគរយ ប៉ុន្តែនៅទាបជាងក្រុមហ៊ុនផលិតបន្ទះឈីបរបស់ Samsung ដែលកើន ៤៥.៧ ភាគរយ ក្នុងត្រីមាសដូចគ្នា។

គួរបញ្ជាក់ថា Intel បានគ្រងតំណែងកំពូលក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេលើពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩២ ប៉ុន្តែ ដោយសារការលក់ផលិតផលកុំព្យូទ័រមានការធ្លាក់ចុះ ខណៈវត្តមានស្មាតហ្វូនមានការកើនឡើង ទើបធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់ Samsung មានការរីកដុះដាលយ៉ាងខ្លាំង រហូតវ៉ាឈ្នះក្រុមហ៊ុនគូប្រជែងនៅអាមេរិក។

ការផ្ទុះឡើងនៃឧស្សាហកម្មរថយន្តស្វ័យបើកបរ បច្ចេកវិទ្យារូបភាពប្រចក្សនិម្មិត VR និងសេវាផ្ទុកទិន្នន័យលើប្រព័ន្ធអនឡាញទៀតសោត ក៏ត្រូវគេរំពឹងថា នឹងជំរុញ​អាជីវកម្មរបស់ Samsung ឱ្យរីកចម្រើនថែមទៀតផងដែរ។ នេះបើយោងតាមរបាយការណ៍ពី Korea Herald ស្រង់សម្តីពីក្រុមអ្នកឃ្លាំមើលឧស្សាហកម្មដែលកំពុងពុះកញ្ជ្រោលមួយនេះ៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់