ក្រុមហ៊ុន Google កំពុងបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទដៃដើរដោយប្រព័ន្ធ Android ចាប់យកនូវបទពិសោធនៃមុខងារស្គេនរូបភាពដើម្បីដឹងពីព័ត៌មានអំពីរូបភាពនោះ តាមរយៈកាមេរ៉ា ជាផ្លូវការចាប់ពីថ្ងៃនេះ តបតាមការសន្យារបស់ខ្លួននៅអំឡុងព្រឹត្តិការណ៍ Mobile World Congress សប្តាហ៍មុន។

មុខងារស្វែងរកព័ត៌មានតាមរយៈការដាក់កាមេរ៉ាទូរសព្ទលើរូបភាព វត្ថុ ឬទីកន្លែងនេះ នឹងភ្ជាប់មកជាមួយកម្មវិធី Google Photos កំណែចុងក្រោយបង្អស់។ ពោលគឺ លោកអ្នកដែលប្រើប្រាស់ទូរសព្ទ ឬថេប្លេតប្រភេទ Android បើចង់បានមុខងារ Google Lens នេះប្រើ ត្រូវទាញយក ឬធ្វើបច្ចុប្បន្នភាពកម្មវិធី Google Photos តាមកម្មវិធី Play Store។
ដោយឡែក ទូរសព្ទ Android មួយចំនួនរបស់ក្រុមហ៊ុន Samsung, Huawei, LG, Motorola, Sony និង HMD ជាដើម ក៏នឹងអាចប្រើប្រាស់មុខងារ Lens នេះដែរ តាមរយៈជំនួយការសំឡេងឌីជីថល Google Assistant។
ក្រុមហ៊ុន Google និយាយថា ខ្លួនកំពុងបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទ Android ទាញយក ឬធ្វើកំណែកម្មវិធី Google Photos ឡើងដើម្បីទទួលបានមុខងារ Lens ជាបណ្តើរៗហើយ។ នេះមានន័យថា អ្នកប្រើប្រាស់នៅតាមតំបន់ ឬប្រទេសមួយចំនួនអាចនឹងពុំទាន់ទទួលបាននៅឡើយទេ តែមិនយូរមិនឆាប់ពួកគេនឹងទទួលបានដូចគ្នា។
Rolling out today, Android users can try Google Lens to do things like create a contact from a business card or get more info about a famous landmark. To start, make sure you have the latest version of the Google Photos app for Android: https://t.co/KCChxQG6Qm
Coming soon to iOS pic.twitter.com/FmX1ipvN62— Google Photos (@googlephotos) March 5, 2018
តាមរយៈ Google Lens នេះដែរ អ្នកប្រើប្រាស់ក៏អាចបង្កើតលេខទំនាក់ទំនងចេញពីកាតអាជីវកម្ម (Name Card) ឬកំណត់អត្តសញ្ញាណទីតាំងណាមួយបាន។
ចំពោះទូរសព្ទ iPhone និង iPad គឺពុំទាន់ចេញនៅឡើយ ប៉ុន្តែ ក្រុមហ៊ុនប្រកាសថា នឹងមកដល់ឆាប់ៗខាងមុខ៕
មតិយោបល់