ព័ត៌មានបច្ចេកវិទ្យា

បំភ្លេចរូបឌីហ្សាញ Note 8 ទៅ! ទាំងនេះគឺជារូបថតពិតវា

ចូរបំភ្លេចរូបរាងឌីហ្សាញរបស់ Galaxy Note 8 ទៅ ព្រោះរូបរាងពិតជាក់ស្តែងរបស់វាត្រូវបានបែកធ្លាយយ៉ាងច្បាស់ក្រឡែតហើយ ខណ:ថ្ងៃប្រកាសចេញជាផ្លូវការនាទីក្រុងញូវយ៉ក កាន់តែខិតជិតចូលមកដល់ ពោលមិនដល់មួយសប្តាហ៍ផងនោះ។

រូបថតដែលបានបែកធ្លាយជាច្រើនសន្លឹកចុងក្រោយនេះ មើលទៅមានលក្ខណ:ដូចគ្នាបេះបិតទៅនឹងរូបភាព​ឌីហ្សាញ និងអ្វីដែលគ្រប់គ្នារំពឹងទុកអីចឹង បើទោះបីជាវាមិនត្រូវបានបង្ហាញពីដំណើរការខាងក្នុងក៏ដោយ។

អេក្រង់ Infinity របស់វា ក្រាលគ្របដណ្តប់ស្ទើរតែពេញផ្ទៃទូរសព្ទខាងមុខ ជាមួយគែមអេក្រង់សងខាងរាង​កោង​បន្តិច តែមិនកោងខ្លាំងដូច Galaxy S8 នោះទេ។ នៅផ្នែកខាងក្រោយ យើងឃើញមានកាមេរ៉ាភ្លោះមួយគូ អមដោយបន្ទះវាស់ចង្វាក់បេះដូង និងស្កេនក្រយៅដៃឋិតនៅខាងស្តាំ តែគេពុំឃើញមានប៊ិក S Pen នោះទេ។

គួររំឭកថា Samsung Galaxy Note 8 គ្រោងនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី ២៣​ សីហា សប្តាហ៍ក្រោយនេះហើយ ហើយវាត្រូវគេរាយការណ៍ថា នឹងបើកឱ្យបញ្ជាទិញទុកមុននៅមួយសប្តាហ៍បន្ទាប់ សម្រាប់ទីផ្សារនៃប្រទេសផ្សេងៗដូចជា អូស្រ្តាលី កូរ៉េ និងសហរដ្ឋអាមេរិក ជាដើម៕

ប្រភពព័ត៌មាន: bgr

មតិយោបល់