ព័ត៌មានបច្ចេកវិទ្យា

Apple ចេញគំរូឌុយសាកថ្ម Lightning ការពារទឹកជ្រាប និងធូលី

យោងតាមប៉ាតង់ថ្មីមួយដែលត្រូវបានគេហទំព័រ Cnet យកមកចុះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្រុមហ៊ុន Apple រកឃើញនូវវិធីសាស្រ្តពីរ ក្នុងការរចនា​ក្បា​ល​​​សាកថ្មឧបករណ៍ប្រភេទ Lightning និង USB-C ថ្មី អាចការពារទឹកជ្រាប និង​ធូលីដីបាន។

វិធីសាស្រ្តទីមួយគឺសម្រាប់ឌុយ Lightning ដោយក្រុមហ៊ុនប្រើនូវស្រទាប់ផ្លាស្ទិចស្តើងម្យ៉ាង ស្រោបទៅលើក្បាលឌុយដោតត្រង់បរិវេនចម្លងចរន្តអគ្គីសនី ហើយវាមានអត្ថប្រយោជន៍នៅពេលឌុយនោះទុកដាក់នៅទីកន្លែងសើម និងកខ្វក់ពោរពេញដោយធូលីដី។ ពោលគឺ​ វាអាចបឹងបញ្ជៀសទឹក និងធូលីមិនឱ្យជ្រាបចូលទៅក្នុងផ្នែកចម្លងចរន្ត។

វិធីសាស្រ្តមួយទៀតគឺសម្រាប់ឌុយប្រភេទ USB-C ដែលកំពុងប្រើសម្រាប់ទូរសព្ទ Android និង​កុំព្យូទ័រ Mac មួយចំនួន។ តាមរយៈវិធីនេះ ក្រុមហ៊ុនប្រើនូវស្រទាប់​ជ័រទន់ៗម្យ៉ាងស្រោបទៅលើឌុយដោត USB-C ហើយនៅពេលដែលវាត្រូវបានស៊កចូលទៅក្នុងតួទូរសព្ទ ស្រទាប់នោះនឹងបិទផ្ទប់ទឹកមិនឱ្យជ្រាបចូលទៅកាន់ផ្នែកចម្លងចរន្តដែលនាំឱ្យកើតមានបញ្ហានោះទេ។

ទូរសព្ទ iPhone ពីរបីស៊េរីចុងក្រោយ ត្រូវបានរចនាឡើងដោយអាចការពារទឹកជ្រាប ជួយឱ្យអ្នកប្រើប្រាស់អាចយបន្តរីករាយជាមួយទូរសព្ទរបស់ខ្លួនទោះបីឋិតនៅក្នុងបន្ទប់ទឹក ឬក្រោមតំណក់ទឹកភ្លៀងក្តី។ ដូច្នេះជំហានបន្ទាប់ គឺវាល្មមដល់ពេលដែលឌុយសាកថ្មរបស់វា​មានលក្ខណៈសម្បត្តិដូចជាទូរសព្ទដៃដែរហើយ។

ទាក់ទងទៅនឹងគំរូរចនាបទឌុយសាកថ្មនេះ Apple មិនបានឆ្លើយតបទៅនឹងសំណើរសុំឱ្យធ្វើការអធិប្បាយថាយ៉ាងណានៅឡើយទេ។ ម្លោះហើយ យើងមានតែបន្តរងចាំព័ត៌មានទាក់ទងទៅនឹងឌុយសាកថ្មនេះនៅពេលក្រោយទៀតប៉ុណ្ណោះ៕

 

មតិយោបល់