ព័ត៌មានបច្ចេកវិទ្យា

ចិន បង្កើត”តុលាការសាយប៊ើ”កាត់ក្តីវិវាទពាក់ព័ន្ធនឹងអិុនធើណែត

តុលាការសាយប៊ើថ្មីរបស់ប្រទេសចិន នៅក្នុងទីក្រុង Hangzhou ត្រូវបានបង្កើតឡើង ហើយនឹងចាប់ផ្តើមជំនំជម្រះក្តីក្តាំងផ្សេងៗដាច់ដោយឡែកនៅថ្ងៃនេះ លើវិវាទពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា E-commerce និងលើករណីពាក់ព័ន្ធទៅនឹងបណ្តាញអិុនធើណែត។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ China Law Blog។

តុលាការថ្មីនេះ នឹងមានលទ្ធភាពទទួលរ៉ាប់រងគ្រប់ទិដ្ឋភាពនៃសំណុំរឿងក្តីកើតឡើងតាមប្រព័ន្ធអនឡាញ ចាប់តាំងពីដើមដំបូង រហូតដល់ទីបញ្ចប់។
ក្រៅពីនេះ អង្គនិតិបញ្ញាត្តិថ្មី នឹងទទួលដោះស្រាយរាល់ពាក្យបណ្តឹងតាមប្រព័ន្ធអេឡិចត្រូនិច និងព្យាយាមដោះស្រាយតាមវីដេអូផ្សាយផ្ទាល់លើប្រព័ន្ធ អិុនធើ ណែត សម្រាប់ប្រភេទនៃវិវាទដូចជា វិវាទកុងត្រាកើតពីការទិញទំនិញតាមអនឡាញ វិវាទទំនួលខុសត្រូវផលិតផលកើតពីការទិញទំនិញតាមអនឡាញ វិវាទកុងត្រាសេវាអិុនធើណែត វិវាទរំលោភកម្មសិទ្ធិបញ្ហាអិុនធើណែត និងវិវាទកើតចេញពីកម្ចីហិរញ្ញវត្ថុប្រព្រឹត្តទៅតាមអនឡាញជាដើម។

Hangzhou ដែលអាចធ្វើដំណើរពីទីក្រុងសៀងហៃ ដោយចំណាយពេលប្រហែលមួយម៉ោង ត្រូវបានគេហៅថា ជារដ្ឋធានីពាណិជ្ជកម្មអេឡិចត្រូនិចរបស់ប្រទេស ចិន និងជាមូលដ្ឋានក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Alibaba និង NetEase ក៏ដូចជាតំបន់នៃទីបញ្ជាការដ្ឋានពាណិជ្ជកម្មឆ្លងព្រំដែនថ្នាក់ជាតិរបស់ប្រទេសផងដែរ។

ស្ថាប័នទាំងនេះហើយ គឺជាអ្នកដឹកនាំកិច្ចខំប្រឹងប្រែងផ្សេងៗដើម្បីកំណត់ស្តង់ដានិតិវិធី និងភាពទទួលខុសត្រូវទៅលើការប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច៕

ប្រភពព័ត៌មានៈ theverge

មតិយោបល់