ព័ត៌មានបច្ចេកវិទ្យា

អ្នកជំនាញប្រាប់មូលហេតុ ៣ នាំឱ្យ Apple ឌីហ្សាញកាមេរ៉ាភ្លោះរបស់ iPhone X រាងបញ្ឈរ

ចាប់តាំងពីបែកធ្លាយរូបរាងជាមួយកាមេរ៉ាក្រោយភ្លោះរាងបញ្ឈរមក ទូរសព្ទ iPhone X ដែលពីមុនគេស្គាល់ថាជា iPhone 8 បានរងការិះគន់ និងខកចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ។ ប៉ុន្តែ ជាមួយការរចនាបែបនេះ ត្រូវបានអ្នកជំនាញខាងកាមេរ៉ាមើលឃើញហេតុផល ៣​ យ៉ាង ដែលតម្រូវឱ្យ Apple ផ្លាស់ប្តូរទីតាំងកាមេរ៉ភ្លោះពីរាងផ្តេក ទៅរាងបញ្ឈរវិញជាមួយ iPhone ជំនាន់ពិសេសរបស់ខ្លួន៖

១- ដោយយល់ឃើញថា អ្នកប្រើប្រាស់ភាគច្រើនកាន់ទូរសព្ទផ្តេកដើម្បីផ្តិតយករូបភាព ជាជាងកាន់បញ្ឈរសម្រាប់​ថតជាមួយមុខងារ Portrait Mode។ ឋិតក្នុងឥរិយាបថបែបនេះ វាអាចជួយឱ្យភ្នែកកាមេរ៉ាទាំងសងខាងក្រិតទីជម្រៅរូបភាពបានកាន់តែល្អប្រសើរជាង ដូចជាភ្នែកមនុស្សយើងទាំងសងខាងអីចឹងដែរ។

២- ការសម្រេចដាក់កាមេរ៉ារាងបែបនេះ គឺដើម្បីតម្រូវមុខងារ AR (Augmented Reality ឬរូបភាពនិម្មិតប្រចក្ស) ដែលជាបច្ចេកវិទ្យាបំពាក់លើស្មាតហ្វូនដំបូងគេបង្អស់របស់ក្រុមហ៊ុន Apple។ បច្ចេកវិទ្យា AR នេះ ទាមទារឱ្យកាមេរ៉ាទូរសព្ទថតសម្គាល់ជម្រៅរូបភាពក្នុងទីលំហរជាក់ស្តែងជាទម្រង់ 3D។ ដូច្នេះ ការដាក់ភ្នែកកាមេរ៉ាទាំងគូទន្ទឹមគ្នាឆ្វេងស្តាំ គឺជាមធ្យោបាយតែមួយគត់សម្រាប់ឱ្យ Sensor កាមេរ៉ាវាស់ស្ទង់ទីជម្រៅសុក្រិតល្អ។

៣-ដោយសារកត្តា Hardware។ ទូរសព្ទ iPhone X ត្រូវបានបញ្ចេញម៉ូដជាមួយផ្ទៃអេក្រង់ហ៊ុមព័ទ្ធដោយស៊ុមដ៏ស្តើងនៅជុំវិញ គ្មានបន្ទះស្គេនក្រយៅដៃ ឬក៏ប៊ូតុង Home ដូចជាជំនាន់មុនៗនោះទេ។ ដូច្នេះ ក្រុមហ៊ុនប្រាកដជាត្រូវរៀបចំរចនាសម្ព័ន្ធ Hardware ខាងក្នុងសារជាថ្មី ដែលតម្រូវឱ្យកាមេរ៉ាទាំងគូប្តូរទីកន្លែងមកដាក់បញ្ឈរបែបនេះ៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់