ក្រុមហ៊ុន Samsung បានប្រកាសពីកំណើនតួលេខនៃការកម្ម៉ង់ទិញទុកមុននូវទូរសព្ទដៃទំនើបត្រកូលអេក្រង់ធំស៊េរីថ្មីរបស់ខ្លួន ដែលបានហក់ដល់កំណត់ត្រាខ្ពស់បំផុតក្នុងចំណោមសែស្រឡាយរបស់វា។
ការប្រកាសនេះ គឺធ្វើឡើងស្របពេលដែលក្រុមហ៊ុន Apple ដែលជាគូប្រជែងដ៏សំខាន់បំផុតរបស់ខ្លួន បានបើកបង្ហាញជាផ្លូវការនូវ iPhone ស៊េរីថ្មី ៣ ម៉ូឌែល និងថ្ងៃបើកឱ្យអតិថិជនកម្ម៉ង់ទិញទុកមុននៅថ្ងៃទី ១៥ កញ្ញា។
យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Samsung គឺលោក DJ Koh ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ចំនួនអ្នកកក់ទូរសព្ទ Galaxy Note 8 ទុក គឺកើនដល់ ២.៥ ដង ធៀបទៅនឹងជំនាន់មុនរបស់វា គឺ Note 7 ដែលមានបញ្ហាផ្ទុះឆេះថ្មជាច្រើនករណីកាលពីឆ្នាំមុន និងខ្ពស់បំផុតក្នុងចំណោមត្រកូល Note ទាំងអស់។
លោក Koh បានបន្ថែមថា ក្នុងរយៈពេលតែ ៥ ថ្ងៃ បន្ទាប់ពីការបើកឱ្យកម្ម៉ង់ទិញ ក្រុមហ៊ុនទទួលបានអ្នកកក់ Galaxy Note ម៉ូឌែលចុងក្រោយនេះ រហូតដល់ ៦៥០,០០០ លានគ្រឿង ពីជុំវិញពិភពលោក។
គួរបញ្ជាក់ថា Samsung Galaxy Note 8 នឹងចាប់ផ្តើមចែកចាយលើទីផ្សារ ចំថ្ងៃដែល iPhone 8 និង 8 Plus ចាប់បើកឱ្យកម្ម៉ង់ទិញទុកមុន។ ពោលគឺ នៅថ្ងៃទី ១៥ កញ្ញា ស្អែកនេះ។
ដោយឡែក សម្រាប់ iPhone X វិញ អ្នកដែលចាប់អារម្មណ៍ ត្រូវរង់ចាំរហូតដល់ថ្ងៃទី ២៧ តុលា ទើបអាចកម្ម៉ង់បាន ហើយលុះដល់ថ្ងៃទី ៣ វិច្ឆិកា ទើបក្រុមហ៊ុនចាប់ផ្តើមចែកចាយលក់លើទីផ្សារ៕
ប្រភពព័ត៌មានៈ bgr,theinquirer
មតិយោបល់