អស់រយៈពេលជាងបីឆ្នាំមកហើយ ដែលក្រុមហ៊ុន Facebook បានចំណាយ ២ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនបច្ចេកវិទ្យា VR ឈ្មោះ Oculus។ នៅថ្ងៃម្សិលមិញ ខណៈព្រឹត្តិការណ៍ Oculus Connect លើកទី ៤ នឹងមកដល់នាយប់ថ្ងៃពុធនេះ ប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg បានចង្អុលបង្ហាញពីមធ្យោបាយផ្សេងៗក្នុងការប្រើប្រាស់ពិភព VR ក្នុងបណ្តាញសង្គមយក្សរបស់ខ្លួន។
តាមរយៈការបង្ហាញ Mark បានចូលទៅកាន់ពិភពនិម្មិត VR ជាមួយប្រធានផ្នែក Social VR នាង Rachel Dwyer ដោយមានការផ្សាយផ្ទាល់លើទំព័រ Facebook ផ្លូវការរបស់ខ្លួន។
អ្នកទាំងពីរបានចេញពីតំបន់មួយទៅកាន់តំបន់មួយ ដោយប្រើរយៈពេលតែមួយពព្រិចភ្នែក។ ចេញពី California ទៅ Puerto Rico រួចបន្តទៅដល់ឋានព្រះចន្ទ ហើយត្រឡប់មកកាន់ឆាកនៅ California វិញ។ ក្នុងនោះ លោកក៏បានប្រាប់ពីវិធីដែលក្រុមហ៊ុន Facebook នឹងប្រើប្រាស់ Machine Learning និងជំនួយការ AI ក្នុងទិសដៅមនុស្សធម៌ផងដែរ។
តាមរយៈវីដេអូផ្សាយផ្ទាល់នោះ Mark មិនបានបង្ហើបពីអ្វីដែលខ្លួននឹងធ្វើការប្រកាស ឬធ្វើបទបង្ហាញនៅយប់នេះនោះទេ។ ដូច្នេះ ចង់ដឹងថាតើមហាសេដ្ឋីវ័យក្មេងរូបនេះ នឹងលើកយកអ្វីមកបង្ហាញក្នុងវេទិកា Oculus Connect ឆ្នាំនេះ សូមប្រិយមិត្តតាមដានជាមួយ Post Tech នៅថ្ងៃស្អែកបន្តទៀត៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់