ព័ត៌មានបច្ចេកវិទ្យា

ឆាប់ៗនេះ Facebook អាចនឹងទារឱ្យអ្នកថត Selfie ដើម្បីបញ្ជាក់អត្តសញ្ញាណពេល Log In

ក្រុមហ៊ុន Facebook កំពុងដាក់សាកល្បងនូវ​មធ្យោបាយផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន តាមរបៀបថ្មីមួយឈ្មោះថា Captcha ដោយទាមទារឱ្យពួកគេថតរូប Selfie (ថតរូបផ្ទៃមុខ) ដើម្បីបញ្ជាក់ថាខ្លួនមិនមែនជារ៉ូប៉ូត នៅពេល Log In (ចុះឈ្មោះប្រើប្រាស់) ចូលទៅកាន់គណនីរបស់ខ្លួន។

បើយោងតាមរូបថតអេក្រង់ចែកចាយលើបណ្តាញសង្គមប្លុក Twitter របៀបនៃការផ្ទៀងផ្ទាត់នោះ ត្រូវបានរំលេចឡើងតាមរយៈផ្ទាំងសារមួយ ទាមទារសូមឱ្យអ្នកប្រើប្រាស់បញ្ជូនចូល (Upload) នូវរូបថតផ្ទៃមុខរបស់ខ្លួនឱ្យបានច្បាស់ បន្ទាប់​មក វានឹងត្រូវបានឆែក និងលុបចេញពីម៉ាស៊ីនមេរបស់ក្រុមហ៊ុនជាអចិន្រ្តៃយ៍។​

ក្រុមហ៊ុនបាននិយាយថា មធ្យោបាយផ្ទៀងផ្ទាត់ដែលកំពុងឋិតក្នុងដំណើរការសាក​ល្បងថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងតាមចាប់សកម្មភាពគួរឱ្យសង្ស័យផ្សេងៗនៅលើគេហទំព័ររបស់ខ្លួន ហើយវានឹងជួយពួកគេកំណត់ដឹងសកម្មភាពអចេតនាផ្សេងៗកើតឡើងអំឡុងពេលបង្កើតគណនី ផ្ញើសំណើរសុំភ្ជាប់មិត្ត ចង្កើត/កែការផ្សព្វផ្សាយពាណិជ្ជកម្ម និងកំណត់ថ្លៃចំណាយសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ជា​ដើម។

យោងតាមរូបថតអេក្រង់មួយផ្សេងទៀត ដែលគេប្រទះឃើញបង្ហោះលើទំព័រ Twitter បានបង្ហាញថា អ្នកដែលត្រូវបានចាក់សោគណនី បន្ទាប់ពីរូបថតត្រូវបានផ្ទៀងផ្ទាត់រួច ពួកគេឃើញសារលេចឡើងក្នុងសេចក្តីថា “អ្នកមិនអាចចុះឈ្មោះចូលទៅកាន់គណនីរបស់ខ្លួនក្នុងពេលឥឡូវនេះបានទេ។ ហើយយើងនឹងទាក់ទងជាមួយអ្នកសារជាថ្មី ក្រោយពីយើងបានពិនិត្យមើលរូបថតរបស់អ្នករួច។

ព័ត៌មានថ្មីនេះ ប្រាកដណាស់វានឹងធ្វើឱ្យអ្នកដែលមិនចង់បង្ហាញអត្តសញ្ញាណពិត ឬឯកជនភាពរបស់ខ្លួននៅលើបណ្តាញសង្គម មានការមិនពេញចិត្ត ប៉ុន្តែ វាមិនថ្វីទេសម្រាប់អ្នកដែលច្រើនថតរូបខ្លួនឯង និងបង្ហោះព័ត៌មានឯកជនលើទំព័រគណនី Facebook របស់ខ្លួននោះ។

ទោះយ៉ាងណា គេមិនច្បាស់ថា តើ Facebook នឹងដាក់ចេញរបៀបផ្ទៀងផ្ទាត់បែប​នេះនៅពេលណានោះទេ។ ប៉ុន្តែ តាមទម្លាប់ប្រសិនការសាកល្បងមុខងារថ្មីៗដំណើរការបានតាមការរំពឹងទុក ក្រុមហ៊ុននឹងដាក់ឱ្យវាដំណើរការជាបន្តបន្ទាប់ ទៅតាមប្រទេស​ តំបន់ ឬទូទាំងសកលតែម្តង៕

ប្រភពព័ត៌មានៈ fossbyptes

មតិយោបល់