ព័ត៌មានបច្ចេកវិទ្យា

Adobe បង្ហើបឧបករណ៍ដើរដោយ AI ថ្មីលើ Photoshop ជួយសម្រាលការងារកាត់តមួយផ្នែកធំ

នេះគឺជាដំណឹងដ៏គួរឱ្យត្រេកអរមួយសម្រាប់ប្រិយមិត្តអ្នកកាត់តរូបភាព​អាជីព ឬជាការកម្សាន្ត ដោយក្រុមហ៊ុន Adobe ទើបបញ្ចេញវីដេអូបែបពញ្ញាក់អារម្មណ៍ថ្មីមួយ ចង្អុលបង្ហាញពីឧបករណ៍ដើរដោយកម្មវិធីសិប្បនិម្មិត AI (Artificial Intelligence) នៅលើកម្មវិធី Photoshop របស់ខ្លួន។

ឧបករណ៍ថ្មីនោះ នឹងជួយសម្រួលការងារផ្នែកកាត់តរូបភាពមួយចំណែកធំ ដោយ​វាអាចបែកចែករូបភាពវត្ថុ ឬមនុស្សនៅខាងមុខ និងផ្ទៃរូបភាពខាងក្រោយ​បានយ៉ាងដាច់ល្អ ដោយគ្រាន់តែចុចមួយប៉ឹកលើផ្ទៃរូបភាពខាងក្រោយ នោះវានឹងកាត់រូបវត្ថុ ឬមនុស្សនៅខាងមុខ និងអាចទាញផ្តាច់ចេញពីគ្នាបានមួយរំពេចតែម្តង។

ក្រុមហ៊ុនផលិតកម្មវិធីកាត់តដ៏ល្បីល្បាញមួយនេះ បានគូសបញ្ជាក់ថា ឧបករណ៍ដ៏វៃឆ្លាតថ្មីនោះ គឺរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ជ្រើសយកវត្ថុដែលខ្លួនចង់កាត់ចេញពីផ្ទៃរូបភាពខាងក្រោយ ដោយមិនចាំបាច់ចំណាយពេលកាត់តម្រឹម​លើបរិវេននៃវត្ថុដែលខ្លួនចង់បាននោះទេ។

ទោះយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ប្រាប់ថា តើមុខងារពិសេសថ្មីនេះ នឹងចេញ​​នៅពេលណានោះទេ ឬក៏វានឹងដាក់បញ្ចូលក្នុងកម្មវិធី Lightroom ឬក៏អត់នោះដែរ៕

ប្រភពព័ត៌មានៈ 9to5mac

មតិយោបល់