ព័ត៌មានបច្ចេកវិទ្យា

AT&T: iPhone 8 លក់ធ្លាក់ជិត ១ លានគ្រឿង ធៀបនឹង iPhone 7

សហរដ្ឋអាមេរិកៈ ក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត AT&T របស់អាមេរិក បាននិយាយថា តម្រូវការទូរសព្ទដៃ iPhone ស៊េរី 8 បានធ្លាក់ចុះរហូតដល់ ៩ សែនគ្រឿង ធៀបទៅនឹង iPhone ស៊េរី 7 ចេញកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីរាយការណ៍ពីគេហទំព័រ Cnet។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុនសន្តិសុខវិនិយោគ និងធនាគារ Jefferies បានវាយតម្លៃទៅលើកម្សោយនៃតម្រូវការ iPhone ដែលទើបប្រកាសចេញលក់កាលពីខែកញ្ញាថា មកពីអតិថិជនអ្នកគាំទ្រផលិតផល iPhone មួយចំនួន រងចាំការមកដល់របស់ iPhone X នៅថ្ងៃទី​៣ វិច្ឆិកា។ បន្ថែមពីលើនេះ តម្លៃ iPhone 7 ត្រូវបានទម្លាក់ពី ៦៤៩ ដុល្លារ មក ៥៤៩ ដុល្លារ (នៅអាមេរិក) ក្រោយពី iPhone ស៊េរីថ្មីប្រកាសចេញ។ នេះបើយោងតាមរបាយការណ៍ដដែល។

ព្រមជាមួយគ្នានោះដែរ iPhone 8 គឺមានតម្លៃលក់កើន ធៀបទៅនឹង iPhone 7 ពេលដែលប្រកាសចេញដំបូង ដោយវាត្រូវបានដាក់លក់ចាប់ពី ៦៩៩ ដុល្លារ ខណៈលក្ខណៈសម្បត្តិរបស់វាទាំងអស់ គ្រាន់តែត្រូវបានបង្កើនឱ្យខ្ពស់ជាង iPhone 7 ទៅលើបច្ចេកវិទ្យាសាកថ្មឥតខ្សែ (ដើម្បីប្រើវាអតិថិជនត្រូវចំណាយលុយទិញឆ្នាំងសាកឥតខ្សែបន្ថែម ៥៩ ដុល្លារ) កាមេរ៉ា និងអេក្រង់ ជាដើម ដែលទាំងនេះ បើតាមការស្ទាបស្ទង់មតិ មិនទាន់សមល្មមសម្រាប់ការបង្កើនតម្លៃនោះទេ។

ដោយឡែក ខណៈមនុស្សជាច្រើនកំពុងរង់ចាំទិញ iPhone X មានរបាយការណ៍ជាច្រើនបានលើកឡើងថា Apple កំពុងជួបបញ្ហាក្នុងការផលិតទូរសព្ទដែលថ្លៃបំផុតមិនធ្លាប់មានរបស់ខ្លួនមួយម៉ូឌែនេះ ហើយដែលត្រូវបង្ខំចិត្តផលិតចេញក្នុងចំនួនកម្រិតមួយ និងពន្យាពេលក្នុងការចែកចាយលក់លើទីផ្សារ៕

ប្រភពព័ត៌មានៈ cnet

មតិយោបល់