លោកអ្នកមួយចំនួនប្រហែលជាគិតថា Galaxy S8 និង Note 8 គឺជាស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ដែលមានតម្លៃថ្លៃបំផុតហើយ។ បើដូច្នេះមែន សូមសាកគិតម្តងទៀតទៅ! ព្រោះថា ក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះ គឺមានស្មាតហ្វូនត្រកូល W ដ៏ប្រណិតមួយ ដែលវាជាទូរសព្ទប្រភេទបត់ បំពាក់អេក្រង់ពីរ ហើយតម្លៃវាគឺខ្ពស់ដាច់ Galaxy ត្រកូល S និង Note ស្ទើរមួយជាបី ជាបួនឯណោះ។
នៅថ្ងៃម្សិលមិញនេះ Samsung បានប្រកាសចេញម៉ូឌែលថ្មីរបស់វាមួយទៀតសម្រាប់ឆ្នាំ ២០១៨ គឺ W2018 ដោយវាពាំនាំមកនូវសមត្ថភាពខ្លាំងមិនខុសពី Note 8 និង S8/S8+ ហើយថែមទាំងបំពាក់ភ្នែកកាមេរ៉ាធំបំផុតមិនធ្លាប់មានទៀងផង។
មែនទែនទៅ Samsung អភិវឌ្ឍស្មាតហ្វូនស៊េរី W ជាបន្តបន្ទាប់ និងចេញម៉ូឌែលថ្មីៗរៀងរាល់ឆ្នាំ ខណៈវានៅតែពេញនិយមនៅក្នុងទីផ្សារអាស៊ី សម្រាប់ W2018 គឺជាម៉ូឌែលទី ១០ ហើយ។ ចំណែកតម្លៃវិញ គឺខ្ពស់ជាងស្មាតហ្វូនលំដាប់កំពូលៗធម្មតាដែលផលិតឡើងសម្រាប់ទីផ្សារសកល។
កាមេរ៉ាក្រោយរបស់ Galaxy W2018 បង្កប់នូវភ្នែកខាងក្នុងសម្រាប់ចាប់យកបាច់ពន្លឺ (Aperture) ទំហំធំរហូតដល់ f/1.5 ជាមួយ Sensor ទំហំ ១២ មេហ្គាភិចសែល អាចផ្តិតយករូបភាពក្នុងទីដែលមានស្ថានភាពពន្លឺខ្សោយបានល្អប្រសើរជាងកាមេរ៉ាស្មាតហ្វូនរបស់គូប្រជែងនានា ហើយវាក៏មានដែរកាមេរ៉ាមុខទំហំ ៥ មេហ្គាភិចសែល និងបន្ទះស្កេនក្រយៅដៃឋិតនៅក្បែរកាមេរ៉ាក្រោយ។
W2018 ទាំងអេក្រង់ខាងក្នុង និងខាងក្រៅរបស់វា គឺជាប្រភេទ AMOLED ទំហំ ៤.២ អីុញ ស្រោបដោយតួលោហៈ និងកញ្ចក់ ហើយការពារភាពឆ្កួតដោយស្រទាប់កញ្ចក់ Gorilla Glass និងមានជម្រើសពីរពណ៌: មាស និងផ្លាទីន។ ក្រៅពីនេះ វាប្រើប្រាស់បន្ទះឈីប Snapdragon 835, RAM ទំហំ ៦ ជីហ្គាបៃយ៍ និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤/២៥៦ ជីហ្គាបៃយ៍ ថាមពលថ្ម ២,៣០០ មីល្លីអំពែរម៉ោង និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1.1 អមដោយជំនួយការសំឡេងឌីជីថល Bixby និងប៊ូតុងរបស់វាដាច់ដោយឡែកមួយ។
ទូរសព្ទដៃបត់ Samsung លំដាប់ប្រណិតនេះ នឹងចែកចាយលក់មុនគេនៅទីផ្សារប្រទេសចិន ជាមួយការផ្តល់សេវា VIP បន្ថែមជាច្រើន។ ចំណែកតម្លៃលក់ជាក់លាក់របស់វា មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ប៉ុន្តែ គេជឿថានឹងខ្ពស់ជាង W2017 ដែលមានតម្លៃ ៣,០០០ ដុល្លារអាមេរិក។
ប្រភពព័ត៌មានៈ theverge
មតិយោបល់