ឥឡូវនេះ ចំពោះសមត្ថភាពកាមេរ៉ាទូរសព្ទដៃប្រភេទអេក្រង់ធំ មានប៊ិកចុចបញ្ជា Galaxy Note 8 ដែលត្រៀមប្រកាសចេញឆាប់ៗខាងមុខ មានលក្ខណៈពិសេសអស្ចារ្យយ៉ាងណានោះ។
ការហ៊ានអះអាងបែបនេះ គឺបន្ទាប់ពីក្រុមហ៊ុន Samsung បានបង្ហាញតម្រុយយ៉ាងច្បាស់អំពីបច្ចេកវិទ្យា Zoom 3X ដែលគេជឿថា នឹងបំពាក់នៅកាមេរ៉ាភ្លោះក្រោយរបស់ Note 8 នៅលើគេហទំព័រផ្លូវការជាភាសាកូរ៉េរបស់ខ្លួន ដោយមានភ្ជាប់មកជាមួយបច្ចេកវិទ្យាវ័យឆ្លាត។
មិនត្រឹមតែអាចយឹតរូបភាពមកជិតចំនួន ៣ តង់ បែបអ៊ុបទិច លើសពី iPhone 7 Plus និង OnePlus 5 ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ត្រូវបានច្របាច់បញ្ចូលនូវបច្ចេកវិទ្យាក្រិតទីជម្រៅរូបភាពក្នុងប្លង់ សម្រាប់ជួយផ្តិតយករូបភាពយឹតចូលពីចម្ងាយបានយ៉ាងច្បាស់ និងលម្អិតល្អ ទោះឋិតក្នុងស្ថានភាពពន្លឺខ្សោយ។ បន្ថែមពីលើនោះ បើតាមរូបភាពបង្ហាញ វាក៏មានមុខងារកែផ្ទៃរូបភាពឱ្យវាមានស្ថានភាពផ្សេងៗបានទៀតផង។
ចំពោះមុខងារពិសេសទាំងនេះ អាចនឹងមិនត្រូវបានលើកមកបង្ហាញនៅថ្ងៃបើកបង្ហាញរបស់ Galaxy Note 8 នៅថ្ងៃទី ២៣ សីហា ខាងមុខ ប៉ុន្តែ Samsung ធ្លាប់មានប្រវត្តិបង្អួតមុខងារពិសេសនៃផលិតផលស្មាតហ្វូនសំខាន់ៗរបស់ខ្លួនជាមុន។
តែទោះយ៉ាងណា ការពិតឬយ៉ាងណា គឺមានតែប្រិយមិត្តរងចាំតាមដានជាមួយ Post Tech នៅថ្ងៃបើកសម្ពោធខាងមុខតែប៉ុណ្ណោះ៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់