លោកអ្នកប្រហែលជាឧស្សាហ៍ខកខានមិនបានទទួលការហៅទូរសព្ទចូល ដោយសារខ្លួនជាប់រវល់ ឬជាប់ដៃមិនអាចចុចទទួលបានហើយមែនទេ? បើដូច្នេះមែន ដើម្បីជៀសវាងបញ្ហានេះកើតឡើង លោកអ្នកអាចកំណត់ឱ្យ iPhone ដែលដំណើរការលើ iOS 11 ធ្វើការនេះជំនួសលោកអ្នកបាន។ ពោលគឺ លោកអ្នកអាចកំណត់ឱ្យវាលើកដោយខ្លួនឯងក្នុងថេរវេលាកំណត់តាមចិត្តចង់ណាមួយ ជាមួយជម្រើសបើកសំឡេងចេញក្រៅ ឬចេញលើកាស Bluetooth។ ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែ៖
១- សូមចូលទៅកាន់កម្មវិធី Settings -> General -> Accessibility
២- សូមអូសផ្ទាំងកម្មវិធីចុះក្រោម ដើម្បីចូលទៅកាន់ Call Audio Routing
៣- ចុចធីកលើ Automatic (ប្រសិនបើមិនទាន់ធីក) រួចជ្រើសរើសយកកន្លែងដែលសំឡេងបន្លឺឡើងដោយចុចយក៖
– Automatic: ទទួលដោយស្វ័យប្រវត្តិ ជំនួសឱ្យការចុចទទួលតាមធម្មតា និងលើកទូរសព្ទមកដាក់ជិតត្រចៀកដើម្បីស្តាប់ និងនិយាយឆ្លើយឆ្លង។
– Bluetooth Headset: លើកទទួលដោយស្វ័យប្រវតិ្ត ដោយសំឡេងនិយាយចូលឮនៅកាស Bluetooth។
– Speaker: លើកដោយស្វ័យប្រវត្តិ ជាមួយការបើកសំឡេងហៅទូរសព្ទចូលចេញក្រៅ។
៤- បន្ទាប់ពីជ្រើសរើសហើយ សូមចុចលើ Auto-Answer Calls រួចចុចកុងតាក់បើកត្រង់មុខងារ Auto-Answer Calls
៥- ចុចលើប៊ូតុងសញ្ញា – ឬ + ដើម្បីកំណត់វិនាទីឱ្យទូរសព្ទទទួលការហៅចូលដោយស្វ័យប្រវត្តិ នៅពេលដែលមានការហៅចូលមកម្តងៗ រួចចុចចាកចេញជាការស្រេច៕
មតិយោបល់