ព័ត៌មានបច្ចេកវិទ្យា

Asus ប្រកាសចេញកុំព្យូទ័រយួរដៃស្តើងផ្តាច់គេមួយនៅលើពិភពលោក

កាលពីម្សិលមិញ ក្រុមហ៊ុន Asus បានប្រកាសចេញកុំព្យូទ័រយួរដៃស៊េរីថ្មីជាច្រើនម៉ូឌែល នៅឯព្រឹត្តិការណ៍បច្ចេកវិទ្យាអន្តរជាតិ Computex Taipei។ នៅក្នុងនោះ យើងឃើញមានមួយម៉ូឌែលដែលស្តើងផ្តាច់គេនៅលើពិភពលោក នាពេលបច្ចុប្បន្ន និងត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Asus ZenBook Flip S នេះបើតាមបញ្ជាក់ប្រាប់ពីប្រធានក្រុមហ៊ុន Asus លោក Jonney Shih។

Asus ZenBook Flip S គឺជាកុំព្យូទ័រយួរដៃ កូនកាត់ថេប្លេត មានទម្ងន់ ១.១ គីឡូក្រាម និងកម្រាស់ត្រឹមតែ ១០.៩ មិល្លីម៉ែត្រ ជាប់កំណត់ត្រា ស្តើងផ្តាច់គេ បើធៀបនឹង Macbook មានកម្រាស់ ១៣.១ មិល្លីម៉ែត្រ និង HP Spectre x360 មានកម្រាស់ ១៣.៨ មិល្លីម៉ែត្រ ប៉ុណ្ណោះ។ ZenBook Flip S ប្រើសុទ្ធតែអង្គប្រតិបត្តិ Intel ជំនាន់ចុងក្រោយ Core i7-7500U អមមកជាមួយអង្គផ្ទុកទិន្នន័យ ប្រភេទ PCIe SSD ទំហំរហូតដល់ 1TB ឬ 1024GB និងអង្គចងចាំទំហំ 16GB ប្រភេទ DDR4។ វាមានអេក្រង់ទំហំ ១៣.៣ អ៊ីញ ដែលអាចបញ្ចាំងចេញរូបភាពក្នុងកម្រិតគុណភាព 4K (3,840 x 2,160 ភិចហ្សែល) ច្បាស់ខ្លាំង ថែមទាំងអាចទាញបត់បាន ៣៦០ ដឺក្រេ សម្រាប់ការប្រើប្រាស់ជាលក្ខណ:ថេប្លេត ងាយចុចប៉ះបញ្ជាលើអេក្រង់ជាមួយប៊ិក Asus Pen។ លើសពីនេះ វាបានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស ដោយអាចសាកបញ្ចូលថ្មបាន ៦០ ភាគរយ ក្នុងថេរវេលាត្រឹមតែ ៤៩ នាទី និងអាចប្រើបានរហូតដល់ទៅ ១១ ម៉ោង និង ៣០ នាទី សម្រាប់ការសាកចូលពេញ។

គួរបញ្ជាក់ថា កុំព្យូទ័រដែលមានរាងស្តើងបំផុតនេះ នឹងចេញលក់ក្នុងពេលប៉ុន្មានខែខាងមុខទៀត ជាមួយតម្លៃចាប់ពី ១,០៩៩ ដុល្លារ។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ pcworld | theverge

មតិយោបល់