ព័ត៌មានបច្ចេកវិទ្យា

iPhone ស៊េរីឆ្នាំ ២០១៨ នឹងបំពាក់ថ្មខ្លាំងជាងមុន តែមិនមែនសម្រាប់បង្កើនរយៈពេលប្រើប្រាស់

យោងតាមអ្នកឯកទេសខាងវិភាគផលិតផលបច្ចេកវិទ្យាចល័តដ៏ល្បីល្បាញ គឺលោក Ming-Chi Kuo មកពីក្រុមហ៊ុន KGI Securities បានព្យាករណ៍ថា iPhone ស៊េរីបន្ទាប់ នឹងពាំនាំមកជាមួយថ្មដែលមានថាមពលខ្លាំងជាងថ្មដែលប្រើនៅលើ iPhone ស៊េរីបច្ចុប្បន្ន ១០%។

លោកបន្ថែមថា ប៉ុន្តែ ការបង្កើនសមត្ថភាពថ្មទូរសព្ទនេះ គឺមិនមែនដើម្បីបង្កើន រយៈពេលប្រើប្រាស់សម្រាប់ទូរសព្ទនោះទេ។ លោកពន្យល់ថា ថ្ម iPhone បច្ចុប្បន្នជាទូទៅ បើសិនជាបើកអេក្រង់ឱ្យភ្លឺជាប់ គឺវាអាចដំណើរការបានពី ៤ ទៅ ៥ ម៉ោង។ ដូច្នេះ ថ្មត្រឹម ១០% គឺវាអាចបង្កើនរយៈពេលប្រើត្រឹម ៣០ នាទីប៉ុណ្ណោះ។

មែនទែនទៅ ថ្មកម្លាំង ១០% បន្ថែមនោះ ត្រូវបានលោក Kuo គូសបញ្ជាក់ថា គឺសម្រាប់ទ្រទ្រង់កាមេរ៉ា TrueDepth ដែលនឹងយកទៅបំពាក់បន្ថែមឱ្យ iPhone ស៊េរីក្រោយ ២ ម៉ូឌែលថ្មីប៉ុណ្ណោះ ខណៈ Hardware ដែលទើបតែមានលើ iPhone X នេះ ត្រូវការថាមពលខ្លាំងសម្រាប់ដំណើរការ។

លោកបន្ថែមថា iPhone ឆ្នាំក្រោយ នឹងចេញពីរម៉ូឌែល ហើយទាំងពីរម៉ូឌែលនឹងបំពាក់មុខងារ Face ID ដែលមានភ្ជាប់មកជាមួយកាមេរ៉ា TrueDepth ដូចជា iPhone X អីចឹង។ មិនតែប៉ុណ្ណោះ ពួកវានឹងប្រើអេក្រង់ប្រភេទ OLED ជំនួសអេក្រង់ប្រភេទ LCD ដែលស៊ីថាមពលថ្មខ្លាំង ដោយសារវាប្រើអំពូល backlight នៅខាងក្រោមស្រទាប់កញ្ចក់អេក្រង់។

យោងតាមអ្នកព្យាករណ៍កម្រខុសរូបនេះ ដែលតែងតែតាមដានសកម្មភាពនៃការស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Apple បានឱ្យដឹងទៀតថា ថ្ម iPhone ថ្មី នឹង​មានរាងជាអក្សរ L ដូចជា iPhone X អីចឹង។ ពោលគឺ វាប្រើថ្មពីគ្រាប់ ដោយមួយដាក់បញ្ឈ និងមួយទៀតផ្តេក៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់