និស្សិតវិស្វ័ករកុំព្យូទ័រមួយរូប នៅទីក្រុង Kochi ប្រទេសឥណ្ឌា បានរកឃើញវិធីបំបែកប្រព័ន្ធការពារសុវត្ថិភាពរបស់ក្រុមហ៊ុន Apple នៅលើឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS។ និស្សិតដែលមានឈ្មោះថា Hemanth Joseph និងកំពុងសិក្សាមុខជំនាញវិស្វកម្មឆ្នាំចុងក្រោយវគ្គពិសោធន៍ ធ្លាប់ទទួលបានប្រាក់រង្វាន់ ៧,៥០០ ដុល្លារ ពីក្រុមហ៊ុន Google កាលពីដើមឆ្នាំ សម្រាប់ការបង្ហាញពីកំហុសប្រព័ន្ធសុវត្ថិភាព cloud របស់ក្រុមហ៊ុនមួយនេះ។
លោក Joseph បាននិយាយថា គាត់បានបំបែកប្រព័ន្ធសុវត្ថិភាព Activation Lock នៅលើ iPhone ឬ iPad នៅពេលដែលឧបករណ៍ទាំងនោះកំពុងជាប់សោសុវត្ថិភាពដោយកម្មវិធី Find My iPhone ។ គាត់បានធ្វើរឿងនេះប្រកបដោយជោគជ័យ ដោយការទាញយកប្រយោជន៍ពីចម្លោះប្រហោងនៃការកំណត់តួអក្សរក្នុងប្រអប់បញ្ចូលឈ្មោះ និងលេខសង្ងាត់ មានកម្រិត។
លោក Joseph បានប្រាប់ឱ្យដឹងថា គាត់បានទិញ iPad Air ឲ្យមិត្តភក្កិពី eBay ដែលជាប់សោសម្ងាត់ iCloud ចាក់ដោយកម្មវិធី Find My iPhone។ នៅពេលដែលគាត់បើក iPad នោះ វាក៏លោតចេញផ្ទាំងមួយទាមទារឱ្យគាត់វាយបញ្ចូលឈ្មោះ និងលេខកូដសម្ងាត់ សម្រាប់ដោះសោ Find My iPhone ពេលនោះគាត់ក៏បានប្រើវិធីសាស្រ្តវាយបញ្ចូលឈ្មោះ និងលេខកូដសម្ងាត់ជាច្រើនខ្ទង់ ដើម្បីបំបែកប្រព័ន្ធការពារ iCloud ចេញ។ ដំណើរការនេះ បានទាមទារឲ្យគាត់ប្រើប្រាស់នូវ iPad Smart Case ជាជំនួយផងដែរ ដើម្បីទាញបិទ (Lock) និង ទាញបើក (Unlock) រួចក៏ទទួលបានជោគជ័យ។
ភាពងាយរងគ្រោះនេះ ត្រូវបានលោក Joseph រកឃើញនៅលើ iPhone ឬ iPad មួយចំនួន ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 10.1.1។ យ៉ាងណាមិញ គាត់បានផ្តល់ដំណឹងនេះជូនក្រុមហ៊ុន Apple តាំងពីដើមខែវិច្ឆិកា រួចហើយ។ ដូច្នេះ យើងមានតែចាំមើលថា តើក្រុមហ៊ុន Cupertino (ក្រុមហ៊ុន Apple) នឹងអាចកែកំហុសឆ្គងនេះនៅលើកំណែ iOS 10.2 ថ្មី បានដែរឬទេ៕
មតិយោបល់