យោងតាមលោក Phil Holland ក្រុមហ៊ុនផលិតកាមេរ៉ាថតកុន RED កំពុងធ្វើការជាមួយក្រុមហ៊ុន Sharp អភិវឌ្ឍបច្ចេកវិទ្យាអេក្រង់គុណភាពកម្រិត 8K។
អ្នកថតកុនរូបនេះបាននិយាយថា ខ្លួនធ្វើការយ៉ាងជិតស្នីទ្ធជាមួយ RED និងកំពុងសាកល្បងទូរទស្សន៍គំរូបំពាក់អេក្រង់ 8K ទំហំ ៧០ អីុញ ដាក់ធៀបជាមួយទូរទស្សន៍ 4K របស់ Sharp ដែលថតដោយកាមេរ៉ាកម្រិត 8K ក្នុងទីក្រុង L.A។
យោងតាមការសាកល្បង គេមិនអាចបែកចែកវីដេអូកម្រិត 8K និង 4K បានដាច់ស្រឡះនោះទេ លុះត្រាតែមានកុំព្យូទ័រមហាសែនលឿន និងអេក្រង់កម្រិត 8K ដូចគ្នា សម្រាប់ចាក់បញ្ចាំងវីដេអូនោះ។
RED មិនបានគូសបញ្ជាក់ឱ្យបានច្បាស់លាស់ទៅលើគម្រោងរបស់ខ្លួនធ្វើជាមួយក្រុមហ៊ុនអេឡិចត្រូនិកជ៉ប៉ុននោះទេ សូម្បីតែថា ពួកគេកំពុងធ្វើការលើទូរទស្សន៍ 8K សម្រាប់អ្នកប្រើប្រាស់ទូទៅមែនដែរឬយ៉ាងណា ក៏មិនដែរ។
ទោះយ៉ាងណា គេជឿថា RED ពិតជាកំពុងជំរុញឱ្យមានទូរទស្សន៍កម្រិត 4K គុណនឹងពីរពិតមែន ខណៈខ្លួនកំពុងលក់កាមេរ៉ាថតកុនកម្រិត 8K ប្រើ Sensor ម៉ូឌែល Super 35 និង Vista Vision។
បន្ថែមពីលើនេះ ក្រុមហ៊ុនក៏គ្រោងនឹងចេញកាមេរ៉ា 8K តម្លៃទាប ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Foxconn ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Nikkei ចេញផ្សាយនៅថ្ងៃម្សិលមិញ៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់