ព័ត៌មានបច្ចេកវិទ្យា

LG អាចនឹងប្រជែងជាមួយ Samsung លើបច្ចេកវិទ្យាស្គេនប្រស្រីភ្នែកឆ្នាំក្រោយ បន្ទាប់ពីគំរូប៉ាតង់បច្ចេកវិទ្យាថ្មី..

ក្រុមហ៊ុន LG និង Samsung អាចនឹងក្លាយជាគូប្រណាំងប្រជែងគ្នា លើ​បច្ចេ​ក​វិទ្យា​ស្កេនប្រស្រីភ្នែក Iris scanner ក្នុងឆ្នាំ ២០១៨ ខាងមុខ គឺបន្ទាប់ពីប៉ាតង់​ថ្មីមួយ បង្ហាញពីគំរូបច្ចេកវិទ្យានេះ ត្រូវបានបែកធ្លាយ។

យោងតាមប្រភពពី First Post បច្ចេកវិទ្យា Iris Scanner របស់ LG ខុសពីរបស់ Samsung ដោយកាមេរ៉ាមុខដែលប្រើសម្រាប់ថតសម្គាល់ប្រស្រីភ្នែក ត្រូវបានរចនាដោយអាចបញ្ចេញបាច់ពន្លឺ Infrared ក៏បាន និងប្តូរទៅជាកាមេរ៉ា​ធម្មតាក៏បាន។ រចនាបទថ្មីនេះ អាចជួយសន្សំសំចៃចន្លោះទំនេរសម្រាប់ក្រុមហ៊ុនអាចពង្រីកផ្ទៃអេក្រង់ឱ្យបានកាន់តែធំ។

ដោយឡែក យោងតាមរបាយការណ៍ពី GSM Arena បានឱ្យដឹងថា មុខងារស្កេនប្រស្រីភ្នែករបស់ LG មិនត្រឹមតែប្រើសម្រាប់ដោះសោចូលទៅកាន់ទូរសព្ទប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងអាចការពារព័ត៌មានរសើបក្នុងទូរសព្ទផងដែរ។

តាមរយៈរូបភាពប៉ាតង់ដែលបានបង្ហាញ គេមិនបានបញ្ជាក់ថា មុខងារដ៏មានសក្តានុពលនេះ នឹងយកទៅបំពាក់លើស្មាតហ្វូនស៊េរីណានោះទេ ប៉ុន្តែ វាត្រូវបានរំពឹងថា នឹងចេញនៅលើ LG G7 ក្នុងត្រីមាសទីមួយឆ្នាំក្រោយ៕

មតិយោបល់