ព័ត៌មានបច្ចេកវិទ្យា

ផ្លូវការហើយ! Huawei Y9 ស៊េរី ២០១៨ បំពាក់អេក្រង់ខ្នាត 18:9, កាមេរ៉ា ៤, និងកម្លាំងថ្មមហិមា

ចាប់តាំងពីអ្នកប្រើប្រាស់ទូទៅនិយមស្មាតហ្វូនអេក្រង់រាងទ្រវែងមក ក្រុមហ៊ុន Huawei បានបន្តពង្រីករចនាបទអេក្រង់ខ្នាត 18:9 តទៅទៀត ទៅលើស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលស៊េរីថ្មីរបស់ខ្លួន។ បន្ថែមពីលើនេះ ក្រុមហ៊ុននៅតែចាត់ទុកថាមពលថ្មខ្លាំង គឺជាលក្ខណៈសម្បត្តិដ៏ចម្បងមួយក្នុងការទាក់ចិត្តអ្នកប្រើប្រាស់។

Huawei Y9 ស៊េរី​ ២០១៩ ដែលទើបធ្លាយព័ត៌មានថ្មីៗនេះ ឥឡូវត្រូវបានក្រុមហ៊ុនប្រកាសជាផ្លូវការថា វានឹងបំពាក់អេក្រង់ទំហំ ៥.៩៣ អីុញ ខ្នាតបញ្ចាំងរូបភាព FHD+ (២១៦០x១០៨០ភិចសែល) មានមាត្រដ្ឋាន 18:9 ថាមពលថ្មធំរហូតដល់ ៤,០០០ មីល្លីអំព៊ែរម៉ោង និងកាមេរ៉ាភ្លោះមុខក្រោយ សរុបចំនួន៤ ដូច Nova 2i អីចឹងដែរ។ ក្រៅពីនេះ វាផ្តល់ថាមពលប្រតិបត្តិការដោយបន្ទះឈីប Kirin 659 Octa-core, RAM ទំហំ 3GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ 32GB។ ចំពោះកាមេរ៉ាភ្លោះមុខ/ក្រោយ គឺមានទំហំ ១៦-២/១៣-២ មេហ្គាភិចសែល មានបន្ទះស្កេនក្រយៅដៃលោហៈឋិតនៅខាងខ្នងទូរសព្ទ ហើយដើរដោយប្រព័ន្ធ Android Oreo 8 ចេញពីប្រអប់តែម្តង។

Huawei Y9 (2018) មានជម្រើសពណ៌ចំនួន ៣ គឺៈ ខ្មៅ ខៀវ និងទឹកមាស ​ហើយវាត្រូវគេអះអាងថា នឹងចេញលក់ក្នុងតម្លៃខ្ទង់ ២០០ អឺរ៉ូ ឬស្មើនឹង ២៤៦ ដុល្លារ។ បច្ចុប្បន្ន ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលនេះ គឺទើបតែត្រូវបានឧទេ្ទសនាមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះ។ ប៉ុន្តែ គេជឿថាវានឹងចែកចាយលក់នៅតាមបណ្តាប្រទេសផ្សេងៗទៀតនាពេលឆាប់ៗខាងមុខផងដែរ៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់