ព័ត៌មានបច្ចេកវិទ្យា

Samsung អេក្រង់បត់ Galaxy X អាចនឹងមានរូបរាងដូចនេះ

ស្មាតហ្វូន Samsung អេក្រង់បត់ បានលេចឮព័ត៌មានចចាមអារ៉ាមជារឿយៗច្រើនឆ្នាំមកហើយ។ ប៉ុន្តែ ស្រមោលនៃរូបរាងពិតប្រាកដរបស់វា នៅមិនទាន់លេចចេញនៅឡើយរហូតមកទល់ពេលនេះ។ ទោះយ៉ាងណា កាលពីដើមសប្តាហ៍ ប៉ាតង់ថ្មីមួយបង្ហាញពីរចនាបទទូរសព្ទអេក្រង់បត់របស់ក្រុមហ៊ុន Samsung ត្រូវបាន​ទម្លាយឱ្យឃើញតាមរយៈគេហទំព័រ BGR។

យោងតាមរូបរាងគម្រូក្នុងប៉ាតង់បានបង្ហាញថា Samsung បានច្របាច់បញ្ចូលរចនាបទអេក្រង់ជំនាន់ខុសគ្នាពីរ ដែលអេក្រង់ខាងឆ្វេងមានគែមជុំវិញស្តើង និងគ្មានប៊ូតុងចុះខាងក្រោម ចំណែកអេក្រង់ខាងស្តាំមានគែមក្រាស់ មានប៊ូតុងចុចនៅខាងក្រោម និងគែមខាងលើមានភ្នែកកាមេរ៉ាមួយ រួមទាំង Sensor ស្កេនប្រស្រីភ្នែក និងផ្ទៃមុខ។

ជាញឹកញាប់ Samsung ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀត បានស្នើសុំកម្មសិទ្ធិប៉ាតង់សម្រាប់គំរូបច្ចេកវិទ្យាដែលខ្លួនច្នៃប្រឌិតគិតឃើញទៅកាន់គណកម្មការគ្រប់គ្រងកម្មសិទ្ធិបញ្ញាបច្ចេកវិទ្យាទាំងក្នុងស្រុក និងនៅអាមេរិក។ ដូច្នេះ វាពិតជាអាចទៅរួមដែលប៉ាតង់ Galaxy អេក្រង់បត់បែកធ្លាយចុងក្រោយនេះ មិនខុសពីគំរូប៉ាតង់ផ្សេងៗ។

ទោះយ៉ាងនេះក៏ដោយ បើតាមរូបគំរូប៉ាតង់ គឺវាអាចទំនងជាជម្រើសរចនាបទចុងក្រោយរបស់ Samsung ដោយនៅពេលអេក្រង់ទាំងពីរបត់បញ្ចូលគ្នា ទូរសព្ទវាមានរៀងធំក្រាស់។ ម្យ៉ាងទៀត ទូរសព្ទពិតជាក់ស្តែង អាចនឹងខុសពីរូបក្នុងប៉ាតង់ នៅពេលដែលវាត្រូវបានរចនាសម្រេច និងផលិតចេញ។

មួយវិញដែរ កាលពីដើមឆ្នាំក្រុមហ៊ុន Samsung ពិតជាបានបង្ហើបឱ្យដឹងថា ប្រសិនបើចង្វាក់ផលិតកម្មដំណើរការទៅដោយរលូន Galaxy X អាចនឹងប្រកាសចេញនៅដើមឆ្នាំ ២០១៨ ខាងមុខ។ ការឡើងឡើងនេះ គឺល្មមអាចលុបបំបាត់នូវសំណួរដែលចោទសួរថា តើ​ Samsung ពិតជាគ្រោងនឹងចេញស្មាតហ្វូនអេក្រង់បត់មែនដែរឬក៏អត់បាន៕

ប្រភពព័ត៌មានៈ foxnews

មតិយោបល់