ខណៈពេលដែលអ្នកប្រើប្រាស់ iPhone 6s មានការខកចិត្តជាខ្លាំង ដោយសារបញ្ហា «ថ្មរលត់ដោយមិនបានដឹងខ្លួន» ហើយថ្មីៗនេះ មានករណីថ្មី គឺបញ្ហាថាមពលបន្តិចបន្តួច ដែលអាចបណ្តាលឲ្យទូរស័ព្ទផ្ទុះឆេះឡើងបាន។ សេចក្តីរាយការណ៍ពីប្រទេសចិន បានអះអាងថា ថ្មនៃទូរស័ព្ទ iPhone 6 មួយចំនួន បានផ្ទុះឆាបឆេះទ្បើង។
ក្រុមជំនុំអ្នកប្រើប្រាស់នៅទីក្រុង Shanghai បានដាក់ពាក្យបន្តឹងតវ៉ាប្រឆាំងនឹងក្រុមហ៊ុន Apple ក្នុងនាមជាអ្នកប្រើប្រាស់ផលិតផល iPhone នៅប្រទេសចិន បន្ទាប់ពីកើតមានបញ្ហាលើឧបករណ៍របស់ពួកគេ នេះដោយយោងតាមសារព័ត៌មាន The International Business Times។
ការប្តឹងចោទប្រកាន់នេះ បានធ្វើឡើងតាំងពីខែកញ្ញា ថ្ងៃទី១ ដល់ខែវិច្ឆិកា ថ្ងៃទី ៣០ មានចំនួន ៨ ករណីផ្សេងៗគ្នា នៅលើទូរស័ព្ទ iPhone 6 និង iPhone 6s ដោយការឆាប់ឆេះ និងការផ្ទុះ។ បើតាមការលើកឡើងនូវករណីមួយ បានឲ្យដឹងថា មានការប្តឹងតវ៉ា ក្រោយពី iPhone 6s Plus ត្រូវបានផ្ទុះរួច ក្រុមហ៊ុន Apple ក៏បានធ្វើការផ្លាស់ប្តូរថ្មីជូនភ្លាម ដោយមិនបានផ្តល់នូវការពន្យល់អំពីបញ្ហា ដែលកើតឡើងនោះទេ។
សរុបចំនួនអ្នកប្តឹងប្រឆាំងនិងក្រុមហ៊ុន Apple មានចំនួន ២,៧៦៣ នាក់ នៅក្នុងប្រទេសចិន។
ខណៈពេលដែលសារព័ត៌មាន Mashable បានទាក់ទងសុំការបញេ្ចញយោបល់ពីខាងក្រុមហ៊ុន Apple ពេលនោះ មានអ្នកតំណាងក្រុមហ៊ុនម្នាក់ បានសម្តែងការទទួលស្គាល់ពីការដាក់បណ្តឹង និងបានបញ្ចេញយោបល់ថា នេះជាឧប្បត្តិហេតុកើតឡើងដោយសារតែកម្តៅ។ លោកបានបន្ថែមទៀតថា «ពួកយើងចង់ធានាចំពោះរាល់អតិថិជន នៅគ្រប់បញ្ហាដែលបានកើតឡើង សុទ្ធតែត្រូវបានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ហើយថែមទាំងបានព្យាយាមទាក់ទង ជាមួយអ្នកប្រើប្រាស់ ព្រមទាំងទទួលយកនូវឧបករណ៍ ដែលជួបបញ្ហាយកមកធ្វើកោសល្យវិច្ច័យផងដែរ»។
ប៉ុន្តែបើយោងតាមក្រុមហ៊ុន Apple ដោយផ្ទាល់ បានប្រកាសថា ឧប្បត្តិហេតុនេះ គឺជាការចៃដន្យតែប៉ុណ្ណោះ។ រីឯអ្នកតំណាងក្រុមហ៊ុននេះ បានបញ្ជាក់ថា ការស៊ើបអង្កេតធ្វើកោសល្យវិច្ច័យនេះ រួមមានបញ្ចូលទាំងការស្កេន ដោយប្រើប្រាស់ប្រព័ន្ទកុំព្យូទ័រជំនួយបន្ថែមពីលើទៀត។ សម្រាប់ឧបករណ៍ដែលក្រុមហ៊ុន បានយកមកវិភាគរួច បានឲ្យដឹងថា ការផ្ទុះឆាបឆេះឡើងដោយសារតែ អ្នកប្រើប្រាស់មួយចំនួន បណ្តោយឲ្យទូរស័ព្ទឡើងកម្តៅហួសកម្រិត។
ជាចុងក្រោយ ក្រុមហ៊ុនអះអាងថា សម្រាប់បញ្ហាសុវត្ថិភាព គឺក្រុមហ៊ុន បានចាត់ទុកជាករណីចំបង ហើយក៏បានរកឃើញថា គ្មានបញ្ហាណាផ្សេង ដែលអាចបណ្តាលឲ្យគ្រោះថា្នក់បង្កឡើង សម្រាប់ឧបករណ៍របស់ពួកគេបានឡើយ៕
មតិយោបល់