ស្មាតហ្វូនត្រកូល P ស៊េរីបន្ទាប់របស់ក្រុមហ៊ុន Huawei នឹងមិនប្រើឈ្មោះ P11 តាមលេខលំដាប់ដូចការរំពឹងទុកនោះទេ ប៉ុន្តែ វានឹងត្រូវគេដាក់ឈ្មោះឱ្យថា P20 ហើយនឹងចេញ ៣ ម៉ូឌែល: ធម្មតា, Pro និង Plus។
យោងតាមរូបភាពបែកធ្លាយចុងក្រោយ Huawei P20 ទាំងបីម៉ូឌែល នឹងបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ដូចគ្នា ហើយមានទំហំសរុប ៤០ មេហ្គាភិចសែល និងអាចយឹតរូបភាពមកជិតបាន ៥ តង់ បែប Hybrid (Optical + Digital)។
បើតាមប្រភពពី Phone Arena ចំពោះ P20 Pro នឹងមានអេក្រង់លាតកៀក គែម ផ្នែកខាងលើស្រដៀងនឹង iPhone X ហើយមានបន្ទះស្គេនក្រយៅដៃនៅខាងក្រោយ ក្រោមភ្នែកកាមេរ៉ាទាំងបី និងប្រើបន្ទះឈីប CPU ជំនាន់ Kirin 975។
ចំណែក P20 និង P20 Plus នឹងដើរដោយបន្ទះឈីប CPU ជំនាន់ Kirin 970 ដែលកំពុងបំពាក់លើ Mate 10 និង 10 Pro។ ម៉ូឌែលទាំងបី នឹងប្រើ RAM ទំហំ ៦ ជីហ្គាបៃយ៍ ដូចគ្នា ហើយមានមេម៉ូរីជាប់ម៉ាស៊ីនយ៉ាងហោចណាស់ក៏ ៦៤ ជីហ្គាបៃយ៍។
ក្រុមហ៊ុន Huawei អាចនឹងប្រកាសចេញកំពូលស្មាតហ្វូនស៊េរី P20 នៅឯព្រឹត្តិការណ៍ MWC 2018 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ០១ មិនា៕
មតិយោបល់