ព័ត៌មានបច្ចេកវិទ្យា

មាន Google Play Protect ហើយ មិនបាច់ខ្លាច App មេរោគក្នុង PlayStore ទៀតទេ

ក្រោយពីបានប្រកាសដាក់ឱ្យដំណើរការជាបឋមកាលពីខែមុនមក មុខងារ Google Play Protect នៅក្នុង PlayStore ឥឡូវត្រូវបានបញ្ចេញសម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Android កាន់តែច្រើនគ្នាហើយ។

មុខងារថ្មីនេះ ត្រូវបានអភិវឌ្ឍបន្តពីមុខងារការពារសន្តិសុខដែលមានស្រាប់នៅក្នុងកម្មវិធី Play Services របស់ក្រុមហ៊ុន Google ដោយបន្ថែមនូវសមត្ថភាពកាន់តែខ្លាំង និងផ្តាច់វាចេញដោយឡែកតែម្តង ហើយវាអាចផ្ទៀងផ្ទាត់មើលកម្ម​វិធីដែលត្រឹមត្រូវ និងឆែករកកម្មវិធីណាដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ នៅពេលពួកគេទាញយកទៅប្រើលើទូរសព្ទ។

Play Protect នេះដែរ ត្រូវបានរចនាឡើងយ៉ាងសាមញ្ញ និងលេចឡើងនៅក្រោមមឺនុយ “Updates” ក្នុងទំព័រ “My apps & games” របស់ PlayStore និងនៅលើបញ្ជីរាយនាមកម្មវិធីលើទូរសព្ទទាំងឡាយណាដែលអាចធ្វើបច្ចុប្បន្នភាពបាន ហើយវាក៏បង្ហាញប្រាប់ពេលវេលាស្កេនរក App មេរោគចុងក្រោយ និងផ្តល់ដំណឹងស្តីពីបញ្ហាផ្សេងៗដែលកើតមាន។

ថ្មីៗនេះ Play Protect ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងកម្មវិធី PlayStore លើស្មាតហ្វូនប្រភេទ Android ជាច្រើន។ តែប្រសិនបើប្រិយមិត្តមិនឃើញវាទេ សូមធ្វើការ Update កម្មវិធី PlayStore ឱ្យឡើងដល់ជំនាន់ចុងក្រោយ៕

ប្រភពព័ត៌មាន: 9to5google

មតិយោបល់